ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ប្រើកាំភ្លើងខ្លីចូលប្លន់ ក្នុងហាងកន្និកាស្រីទូចអ៊ុតសក់ នៅខណ្ឌទួលគោក

ភ្នំពេញៈ ក្រុមជនសង្ស័យ២នាក់ បានជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាព ប្រើកាំភ្លើងខ្លីភ្ជង់ប្លន់យកកាបូបលុយ និងទូរសព្ទដៃអស់២គ្រឿងពីនារី៣នាក់បានសម្រេច ខណៈនារីរងគ្រោះទាំងនោះ កំពុងអ៊ុតសក់។

ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះ កើតទ្បើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០១៩ នៅក្នុងហាងកែសម្ផស្ស យីហោ ( កន្និកា ស្រីទូច អ៊ុតសក់) ជាប់ផ្លូវលេខ៥៩៨​ កែងផ្លូវលេខ៣១៧​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់ហាងខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវនារីៗ បានមកអ៊ុតសក់ផាត់មុខ ក្នុងហាងរបស់ជនរងគ្រោះ បន្ទាប់មកក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូសង់ប៊ុចមួយគ្រឿង មិនចាំស្លាកលេខ បានឌុបគ្នាមកធ្វើលេសទិញទឹកសុទ្ធ ដោយម្នាក់អង្គុយលើម៉ូតូ និងម្នាក់ទៀតដើរចូលមក ហើយបានដកកាំភ្លើងខ្លីភ្ជង់គំរាម និងប្លន់យកទូរសព្ធដៃម៉ាកអាយហ្វីនស៊ិច២គ្រឿង និងកាបូបស្ពាយ១ ពីឈ្មោះ ស្រីពៅ និងនារីម្នាក់ ឈ្មោះ អ៊ឹង ច័ន្ទដារ៉ាលីន និងនារីម្នាក់ទៀតមិនស្គាល់ឈ្មោះ បានលុយជិត៣០ដុល្លារបន្ថែម រួចនាំគ្នាជិះម៉ូតូឌុបគ្នាគេចខ្លួនដោយសុវត្តិភាព ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានត្រឹមចុះមកពិនិត្យមើលហេតុ និងនាំនារីរងគ្រោះ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ដើម្បីឲ្យសមត្ថកិច្ច ជួយស្រាវជ្រាវឈាន ទៅដល់កំណត់មុខសញ្ញា និងចាប់ជនសង្ស័យទាំងនោះ មកផ្ដាន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់