ព័ត៌មានជាតិ

ក្លឹប​កម្សាន្ត ​និង​បារ​បារាំង​ចំនួន​១២៩៥​កន្លែង ​ប្រើប្រាស់​ថ្នាំ​ញៀន​ និង​ជាង​១​ពាន់​ទីតាំង​ផ្សេង​ទៀត​បាន​ធ្វើ​កិច្ចសន្យា​ហើយ

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​របស់​ខ្លួន​ និង​លើក​ទិស​ដៅ​ការងារ​បន្ត​ឆ្នាំ​២០១៩​ ដែល​បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​ពេញ​១​ថ្ងៃ​ ក្រោម​អធិបតីភាព​ ឯកឧត្តម​-​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ស្នងការ​រង​ទាំងអស់​ ព្រមទាំង​អស់លោក​-​លោកស្រី​ អធិការ​-​អធិការរង​ នាយ​-​នាយ​រង​ប៉ុ​សិ៍្ត​រដ្ឋបាល​ សរុប​២៥០​នាក់​។​

​នៅ​ក្នុង​អង្គសន្និបាត​នេះ​ផង​ដែរ​ ក៏​បាន​តម្រូវ​ឲ្យ​មន្ត្រី​នគរបាល​ និង​នាយការិយាល័យ​ជំនាញ​នីមួយៗ​ឡើង​រាយការណ៍​អំពី​បទល្មើស​ និង​ការ​បង្ក្រាប​បទល្មើស​ក្នុង​មូលដ្ឋាន​។​ ក្នុង​នោះ​ផង​ដែរ​ នាយការិយាល័យ​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​លើក​ឡើង​នៅ​ក្នុង​អង្គសន្និបាត​នេះ​ថា​ បាន​រក​ឃើញ​ស្រាវជ្រាវ​ទីតាំង​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន​តាម​បណ្តា​ក្លឹប​កម្សាន្ត​ និង​បារ​បារាំង​មាន​ចំនួន​១២៩៥​កន្លែង​។​ ក្នុង​នោះ​ជាង​១​ពាន់​កន្លែង​ បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើប្រាស់​គ្រឿងញៀន​។​ លោក​បន្ត​ថា​ ដោយឡែក​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​ ចែកចាយ​នៅ​តាម​សំណង់​មិន​រៀបរយ​ ហើយ​បើ​តាម​របាយការណ៍​នៅ​តាម​ប៉ុ​សិ៍្ត​រដ្ឋបាល​ឃើញ​ថា​ មាន​៥​គោលដៅ​ដូច​ជា​ ៖​ តំបន់​បឹង​ឈូក​ និង​គោលដៅ​ផ្សេងៗ​ទៀត​ក្នុង​ខណ្ឌ​ទាំង​១២​ នៅ​បឹង​កក់​ សង្កាត់​ស្រះ​ចក​ ក្នុង​ខណ្ឌដូនពេញ​ ហើយ​មើលទៅ​ការ​ចែកចាយ​មិនជា​ការ​លក់ដូរ​ធំដុំ​នោះ​ទេ​ តែ​វា​ជា​ករណី​ចែកចាយ​យ៉ាង​សកម្ម​ ហើយ​ក្នុង​ការ​លក់​ជួញដូរ​នេះ​ គឺ​ភាគច្រើន​គេ​ប្រើប្រាស់​លើ​កុមារ​តូចៗ​ ក្មេង​តូចៗ​ ដែល​មិន​គ្រប់​អាយុ​ត្រឹម​១២​ឬ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ ឬ​អាច​ជន​ពិការ​ផង​ដែរ​ក៏​មាន​។​ មនុស្ស​ទើប​ចេញពី​ពន្ធនាគារ​ គឺ​គេ​ធ្វើ​សកម្មភាព​នៅ​តំបន់​មិន​រៀបរយ​នេះ​។​ ក្នុង​នោះ​ បាន​សង្កេត​ឃើញ​ថា​ គណ:​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ​ បាន​ចុះ​ធ្វើ​រដ្ឋបាល​ហើយ​បាន​រុះរើ​ផ្ទះ​តូចៗ​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ សង្កេត​ឃើញ​ថា​ មានការ​ថមថយ​បន្តិច​ដែរ​។​

​ ដោយឡែក​ពាក់ព័ន្ធ​និង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ ក៏​បាន​លើក​ឡើង​ឲ្យ​ដឹង​ដែរ​ថា​ បញ្ហា​ប្រឈម​បទល្មើស​ឆក់​ឃើញ​ថា​ ការ​ធ្វើ​ផែនការ​ និង​យុទ្ធនាការ​ឃើញ​ថា​ ធ្វើ​បាន​ល្អ​ ក៏​ប៉ុន្តែ​ការ​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅ​មាន​កម្រិត​ទាប​។​ ការ​ទប់ស្កាត់​នៅ​មិន​ទាន់​បទល្មើស​ឆក់​។​ លោក​ឧត្តមសេនីយ៍ទោ​ សុង​ លី​ បាន​ស្តីបន្ទោស​ថា​ សមត្ថកិច្ច​បង្ក្រាប​បាន​តែ​បទល្មើស​ដែល​ស្រាវជ្រាវ​ ហើយ​ករណី​ជាក់ស្តែង​បង្ក្រាប​បាន​តិចតួច​ ភាគច្រើន​ប្រជាពលរដ្ឋ​ជា​អ្នក​ចាប់​ ឬ​ដេញចាប់​ជនសង្ស័យ​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ទៅ​វិញ​ ឬ​ជនសង្ស័យ​ខ្លួន​រត់គេច​ខ្លួន​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​ ការ​រីក​រាលដាល​គ្រឿងញៀន​ ក៏​ជា​បញ្ហា​កើត​មាន​បទល្មើស​ឆក់​កើតឡើង​ និង​បញ្ហា​ល្បែងស៊ីសង​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​កើត​មាន​បទល្មើស​ឆក់​ផង​ដែរ​។​

​យោង​តាម​របាយការណ៍​ និង​ការ​វាយតម្លៃ​សន្និដ្ឋាន​ឃើញ​ថា​ កិច្ច​ប្រ​តិ​ប​តិ្ត​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​ ជា​រួម​ទោះបី​បទល្មើស​កើនឡើង ​៨.៩៥%​ ប៉ុន្តែ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ទទួល​បាន​លទ្ធផល​ខ្ពស់​រហូត​ដល់​៩០.៨២%​ នឹង​ការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣​ ត្រូវ​បាន​ជំរុញ​ខ្លាំងក្លា ​ដោយ​បង្ក្រាប​បាន​២.០២៤​ករណី​ ឃាត់ខ្លួន​បាន​៣.៦៧០​នាក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​ក៏​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​លើក​សរសើរ​ និង​ជូន​រង្វាន់​ ចំពោះ​បុគ្គល​និង​អង្គភាព​ ដែល​មាន​ស្នាដៃ​កិច្ច​ប្រ​តិ​ប​តិ្ត​ការ​បង្ក្រាប​បទល្មើស​នេះ​។​

​គួរ​កត់សម្គាល់​ផង​ដែរ​ថា​ បទល្មើស​ព្រហ្មទណ្ឌ​ បាន​កើនឡើង​ខ្ពស់​នៅ​ក្នុង​ខែមករា​ មិថុនា​ កក្កដា​ និង​ខែសីហា​ ក្នុង​ពេល​ដែល​សមត្ថកិច្ច​កំពុង​ ការពារ​ សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ សម្រាប់​ពិធីបុណ្យ​ធំៗ​ និង​ក្នុង​ពេល​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ នីតិកាល​ទី​៦​ ឆ្នាំ​២០១៨​ ក្នុង​រាជធានី​ភ្នំពេញ​៕​

មតិយោបល់