ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់វ័យក្មេងយ៉ាងសកម្ម ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្នុងចំណោមបក្ខពួក ០៤នាក់ទៀត ដែលម្នាក់ ត្រូវបានបញ្ជូនទៅអង្គការ មូលនិធិកុមារកម្ពុជា ធ្វើការគ្រប់គ្រងអប់រំវិញ។
១.ឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ
២.ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ
៣.ឈ្មោះ សុខន វាសនា ហៅស្រួច ភេទប្រុស អាយុ ១៧ឆ្នាំ
៤.ឈ្មោះ ញ៉េប ពុទ្ធា ភេទប្រុស អាយុ ១៥ឆ្នាំ (ប្រគល់ឲ្យអង្គការ មូលនិធិកុមារកម្ពុជា គ្រប់គ្រងអប់រំ)។
ពួកគេខាងលើ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ នៃរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីមានការប្តឹងពីណាអាព្យាបាលរបស់ឈ្មោះ ញ៉េប ពុទ្ធា ដែលជាបក្ខពួកក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
បន្ទាប់មកកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ បានស្រាវជ្រាវឃាត់ខ្លួនបាន ០៣នាក់ មានឈ្មោះ ជុំ វាសនា ឈ្មោះ សុខ សម្បត្តិ និងឈ្មោះ ញ៉េប ពុទ្ធា នៅវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ លុះដល់វេលាម៉ោង ៥ល្ងាចថ្ងៃដដែល ហើយសមត្ថកិច្ចអាវុធហត្ថ បានស្រាវជ្រាវឃាត់ខ្លួន បានបក្ខពួកគេម្នាក់ទៀត ឈ្មោះ សុខន វាសនា ហៅស្រួច។ រីឯឈ្មោះ ញ៉េប ពុទ្ធា ភេទប្រុស អាយុ ១៥ឆ្នាំ ត្រូវបានលោក SCOTT NEESON ជនជាតិអូស្រ្តាលី ជាប្រធានអង្គការ មូលនិធិកុមារកម្ពុជា មានទីតាំងនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានសុំធានាយកទៅគ្រប់គ្រង ដើម្បីធ្វើការអប់រំវិញ ដោយមានការស្នើសុំពីម្តាយរបស់គេ នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថផងដែរ។
ក្រោមវិធានការជំនាញ និងចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ពួកគេប្រាប់ឲ្យដឹងថា ពួកគេតែងតែធ្វើសកម្មភាពឆក់សម្ភារៈពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ យ៉ាងសកម្មជាញឹកញាប់ ដោយពួកគេម្នាក់ៗ ធ្វើសកម្មភាពឆក់បានសម្រេច ០៦ទៅ០៧លើកមកហើយ រួមសម្ភារៈដែលពួកគេឆក់បានមាន៖ទូរស័ព្ទ កាបូបលុយ ខ្សែក និងសម្ភារៈជាច្រើនផ្សេងទៀត។ ចំណែកប្រាក់ និងសម្ភារៈដែលពួកគេឆក់បាន គឺយកទៅលក់ដើម្បីយកលុយទៅទិញគ្រឿងញៀនប្រើប្រាស់ ហើយនិងយកទៅលែងល្បែងតាមអ៊ីនធើណែត នៅផ្សារសុវណ្ណា។ រីឯបក្ខពួក របស់ពួកគេដែលរត់គេចខ្លួនមានឈ្មោះ ចាន់ ឈ្មោះ តាន់ ហៅរាជ និងឈ្មោះ ភ័ក្រ។
ឈ្មោះ ជុំ វាសនា កាលអំឡុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ បានធ្វើសកម្មភាពបានប្រាក់ ៨០ដុល្លាអាមេរិក ទូរស័ព្ទIPhone ០១គ្រឿង ខ្សែក ០១ខ្សែ។ កាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៩ ម៉ោងប្រហែល០៩:០០នាទីយប់ រូបគេនិងបក្ខពួក ឆក់បានប្រាក់៣០០ដុល្លារអាមេរិក ទូរស័ព្ទIPhone6 ០១គ្រឿង។
-ឈ្មោះ សុខ សម្បត្តិ កាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ក្នុងខែមករា និងខែកុម្ភៈ រូបគេនិងបក្ខពួក ឆក់បានប្រាក់ ២០ដុល្លារអាមេរិក កាលចុងឆ្នាំ២០១៨ នៅចំណុចរោងការជិតផ្សារប៉េសេ និងទូរស័ព្ទ ០១គ្រឿង នៅចំណុចរោងបុណ្យជិតស្ពានអាកាសស្ទឹងមានជ័យ កាលអំឡុងខែមករា ឆ្នាំ២០១៩ ហើយរូបគេនិងបក្ខពួកបានបន្តឆក់ជាបន្តបន្ទាប់ទៀត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានប្រាក់ និងទូរស័ព្ទ សម្រេចជារឿយផងដែរ។
-ឈ្មោះ សុខន វាសនា កាលអំឡុងខែមករា ឆ្នាំ២០១៩ រូបគេ និងបក្សពួកឆក់បានទូរស័ព្ទ ០១គ្រឿងម៉ាក សាំសុងកាឡាក់ស៊ីអេស៦ នៅចំណុចសាលារៀនសាមគ្គី លក់បានប្រាក់ ៥៨ដុល្លារអាមេរិក ហើយបន្តឆក់បាន ទូរស័ព្ទ ០១គ្រឿងម៉ាក IPhone5 នៅចំណុចផ្សារអូឡាំពិក ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ រូបគេឆក់បានទូរស័ព្ទ ០១គ្រឿងម៉ាក Oppo នៅចំណុចរង្វង់មូលផ្សារដើមគរ។
-ឈ្មោះ ញ៉េប ពុទ្ធា ដែលអង្គការ មូលនិធិកុមារកម្ពុជា យកទៅគ្រប់គ្រងអប់រំ រូបគេតែងតែធ្វើសកម្មភាពឆក់ ជាមួយបក្សពួកគេខាងលើ រាល់ដងផងដែរ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៩ និង០០នាទីយប់ រូបគេនិងបក្ខពួកឆក់បានប្រាក់ ៣០០ដុល្លារអាមេរិក នៅចំណុចក្បែរផ្សាររាត្រី ហើយបន្តឆក់បានទូរស័ព្ទ ០១គ្រឿងទៀត នៅចំណុចរង្វង់មូលស្តាតចាស់៕
មតិយោបល់