ព័ត៌មានជាតិ

អុញនោះ! មីកញ្ចប់ និងទឹកក្រូចនាំចូលពីបរទេស ខូចគុណភាព…

បន្ទាយមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅផ្សារកណ្តាល និងតាមគេហដ្ឋានតាំងលក់ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញកម្ទេចមីកញ្ចប់ និងទឹកក្រូចនាំចូលពីបរទេស ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន សរុប ១១ គីឡូក្រាម ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត ធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញ បានឱ្យតំណាងម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោល នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់