ភ្នំពេញៈ ម៉ូតូសេ១២៥មួយគ្រឿងត្រូវបាន ជនសង្ស័យលួចយកទៅបាត់ដោយសុវត្តិភាព លួចទាំងកាបូបលុយទៅទៀតអស់រាប់ម៉ឺនដុល្លា ខ្សែកមាស២ខ្សែ៦តម្លឹង តែគ្រួសារប្រកែកគ្នាមិនច្បាស់ថាបាត់ចំនួនប៉ុន្មានឲ្យពិតប្រាកដ រត់ទៅប្តឹងប៉ូលិស ប៉ុស្តិ៍ចោមចៅ៣ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៩ នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះជាប្តីឈ្មោះ សូ ពៅ អាយុ៣៩ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ចំណែកប្រពន្ធឈ្មោះ លន់ ស៊ីណា មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះជួលទើបបាន២ខែនៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ម៉ូតូដែលចោរលួចយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1O-3911 លុយដែលថាចោរលួចទាំងកាបូបនោះ ដូចជាមិនប្រក្រតី ប្តីថាបាត់អស់២៣៥០០ដុល្លា លុយខ្មែរជាង៣០ម៉ឺនរៀល ចំណែកប្រពន្ធថាបាត់១៣៥០០ម៉ឺនដុល្លា លុយខ្មែរជាង៣០ម៉ឺនរៀល និងខ្សែកមាសចំនួន២ខ្សែស្មើនឹង៦តម្លឹងទៀត ប្រកែកគ្នារឿងបាត់លុយ រវាងប្តី-ប្រពន្ធ ។
តាមការរៀបរាប់ពីបុរសជាប្តីបានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ គាត់ជិះម៉ូតូវិលមកពីផ្ទះបងប្អូននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខវិញ អូសម៉ូតូដាក់ចូលក្នុងផ្ទះហើយ ក្រោយងូតទឹកអស់កម្លាំងពេក ប្រាសខ្លួនដេកលង់លក់បាត់ ទាំងភ្លេចបិទទ្វារ កណ្តាលអធ្រាត្រដឹងខ្លួន ស្រាប់តែបាត់ម៉ូតូ និងកាបូបលុយ ។
ក្រោយពីបាត់ម៉ូតូ បាត់កាបូបលុយ ចូលថ្ងៃទី០២ ខែមិនា មិនបានទៅប្តឹងភ្លាមទេ រវល់តែតាមស្វែងរក រហូតដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០២ ខែមិនា ទើបនាំគ្នារត់ទៅដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕
មតិយោបល់