ព័ត៌មានជាតិ

មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្កហិង្សាជាមួយឪក្មេក មានទាំងផ្ទុះអាវុធ ព្រោះរឿងប្រពន្ធ..

កណ្ដាលៈ កាលពីវេលាម៉ោង១១ និង៤០ នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មានករណីគំរាមសម្លាប់
នៅចំណុចភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ០២នាក់៖ ១-ឈ្មោះ ឈួន ជេស ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិ-ឃុំកើតហេតុ (ឪពុកក្មេកជនសង្ស័យ) និង២-ឈ្មោះ ឈួន រ៉ានី ភេទស្រីអាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្រពន្ធជនសង្ស័យ )។

ជនសង្ស័យឈ្មោះ គង់ ចាន់ថន ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឋានន្តរសក្តិវរៈសេនីយ៍ត្រី មានទីលំនៅភូមិ លេខ៨សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រងរបួសសម្រាក នៅមន្ទីរពេទ្យព្រះកេតុមាលា។

វត្ថុតាងចាប់យក៖
– អាវុធខ្លីK54 ១ដើមលេខ ៥៤៦៧០
– មានគ្រាប់ចំនួន ០៧ គ្រាប់
– សំបកគ្រាប់ចំនួន ០១ គ្រាប់
– បង់ដែក០១

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៣០នាទីថ្ងៃកើតហេតុ ប្រពន្ធបានជិះឡានឈ្នួល ពីភ្នំពេញមកផ្ទះ ឪពុកស្ថិតក្នុងភូមិ-ឃុំកើតហេតុ រួចក៏ឲ្យបងស្រីឈ្មោះ ឈួន រ៉ាឌី ជូនទៅរកគ្រូទស្សន៍ទាយ ។

ពេលនោះជនសង្ស័យ ក៏បានជិះម៉ូតូ០១ គ្រឿងម៉ាក C125 ពណ៌ខ្មៅ មិនចាំស្លាកលេខមកដល់
ផ្ទះដែរ រួចសួរឪពុកក្មេកថា៖ ប៉ាមានឃើញប្រពន្ធខ្ញុំទេ ពេលនោះឪពុកក្មេកបានឆ្លើយប្រាប់ថា ៖អត់ឃើញទេ ស្របពេលនោះ ឈ្មោះ ឈួន រ៉ាឌី បានឌុបប្រពន្ធជនសង្ស័យ មកដល់ស្រាប់តែជនសង្ស័យ បានជេរប្រពន្ធ ហើយដកកាំភ្លើងបាញ់ប្រពន្ធ តែត្រូវឪពុកក្មេក ស្ទុះទៅចាប់ដៃជ្រោងឡើងទៅលើ និងបានប្រវាយប្រតប់ ជាមួយឪពុកក្មេក ពេលនោះ ក៏ឮស្នូរផ្ទុះអាវុធ០១គ្រាប់ ត្រូវចំក្រោមដោះខាងស្តាំជនសង្ស័យ។ បន្ទាប់មកឪពុកក្មេកជនសង្ស័យ បានទូរស័ព្ទមកប្តឹង កម្លាំងប៉ុស្តិ៍រដ្ឋបាលសំរោងធំ ចុះជួយអន្តរាគមន៍។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ ឲ្យប្រពន្ធជនសង្ស័យ បញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យព្រះកេតុមាលា ជាមួយកម្លាំងប៉ុស្តិ៍០២នាក់ ។

ករណីនេះ កម្លាំងជំនាញបានសហការ ជាមួយកម្លាំងនគរបាលបាលប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុ និងមន្ទីរពេទ្យព្រះករតុមាលា ហើយបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់