ភ្នំពេញៈ តៃកុងកង់បីឥណ្ឌាម្នាក់ បានរងរបួសធ្ងន់ និងបុរស២នាក់ទៀតរបួសស្រាល ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ឈប់ស្តុបក្រហម ត្រូវបានបុរសម្នាក់ បើករថយន្តអាបែន បុករះពីក្រោយពេញទំហឹង បណ្ដាលឲ្យកង់បីឥណ្ឌាក្រឡាប់ និងម៉ូតូ២គ្រឿងរងការខូចខាត។
កើតហេតុវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្ទុប វត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
សម្ភារខូចខាតរួមមាន៖ កង់បីឥណ្ឌា១គ្រឿង ម៉ូតូហុងដាឌ្រីម២គ្រឿង និងបង្គោលភ្លើងមួយដើម ។
តាមសម្ដីបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសស្រាល បានឲ្យដឹងថា នៅពេលកើតហេតុ រូបគាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត កំពុងឈប់ស្តុបក្រហម ត្រង់ចំណុចកើតហេតុ ខណៈនោះស្រាប់តែមានរថយន្ត ម៉ាក CHENGLONG ប្រភេទអាបែនធុនធំ ពាក់ស្លាកលេខភ្នំពេញ3D-1632 ធ្វើដំណើរពីលិចទៅកើតស្របគ្នាមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន។ ដោយគ្រានោះ គាត់ឃើញសភាពមិនស្រួល បុរស២នាក់ជាម្ចាស់ម៉ូតូ បានលោតចេញពីម៉ូតូ ហើយរថយន្តបង្ក ក៏បុករះម៉ូតូទាំង២គ្រឿង ពេញទំហឹងតែម្ដង បន្តបុកបង្គោលភ្លើងបាក់មួយដើម និងកង់បីឥណ្ឌាពីក្រោយឲ្យក្រឡាប់កៀប ជាប់របងនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់ជាតៃកុងកង់បីឥណ្ឌារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះភ្លាមៗ។ រីឯបុរស២នាក់ ដែលជាម្ចាស់ម៉ូតូ២គ្រឿង រងការខូចខាតនោះ រងរបួសស្រាលប៉ុណ្ណោះ ។
ក្រោយកើតហេតុភ្លាមៗ ប្រជាពលរដ្ឋ បានចាប់បុរសម្នាក់ជាតៃកុងរថយន្តបង្ក ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ រង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងតាមក្រោយ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូការខូចខាតទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់