ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់អះអាងថា ក្នុងដំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញក្នុងការបញ្ជាបិទ ឬបើក គឺសម្ដេចមិនអនុវត្តន៍នូវវិធានការបិទខ្ទប់ប្រទេសឡើងវិញនោះទេ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការជ្រួលច្របល់នាំគ្នាទៅទិញអីវ៉ាន់ស្តុកទុកនោះ។
ក្នុងខណៈអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំឮមានការខ្សឹបខ្សៀវគ្នាថា នឹងអាចមានការបិទទីក្រុងភ្នំពេញឡើងវិញ។ ខ្ញុំសូមបញ្ជាក់ ខ្ញុំសម្រេចចិត្តបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅកាលពីឆ្នាំ២០២១ គឺនៅក្នុងពេលវេលាមួយដ៏លំបាក ដោយសារយើងអត់ទាន់ចាក់វ៉ាក់សាំង»។ សម្ដេចតេជោគូសបញ្ជាក់ថា ប៉ុន្តែឥឡូវនេះ យើងអត់មានតម្រូវការណាមួយសម្រាប់ការបិទទីក្រុង ឬបិទគោលដៅនោះទេ។ ឧទាហរណ៍ កាលពីពេលមុន ផ្សារឆ្លង១០តូប យើងឱ្យបិទផ្សារទាំងមូល ឥឡូវគឺអត់ទេ អ្នកឆ្លងគឺទៅទទួលការព្យាបាលទៅ ហើយផ្សារនោះបាញ់ថ្នាំសម្លាប់មេរោគ រួចហើយធ្វើការលក់បន្តទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងសង្កត់ធ្ងន់ថា «យើងគ្មានតម្រូវការចាំបាច់ដើម្បីបិទទេ យើងបានទទួលវ៉ាក់សាំងរួចហើយ វាមិននាំទៅដល់ភាពធ្ងន់ធ្ងរពេកទេ។ ក៏ប៉ុន្តែនិយាយយ៉ាងដូច្នេះ កុំឱ្យពឹងពាក់តែទៅវ៉ាក់សាំងតែមួយមុខ ត្រូវមានវិធានការគួបផ្សំគ្នា ដោយដើរជើងទាំងពីរ គឺជើងម្ខាង វ៉ាក់សាំង និងជើងម្ខាងទៀតគឺវិធានការការពារ។ដូច្នេះសូមបញ្ជាក់ ទៅអ្នកដែលនិយាយខ្សឹបខ្សៀវថា នឹងមានការបិទប្រទេសឡើងវិញ គឺមិនមានទេ ក្នុងដំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញក្នុងការបញ្ជាបិទឬបើក គឺខ្ញុំមិនអនុវត្តនូវវិធានការបិទខ្ទប់នោះទេ»។ ដូច្នេះសូមបញ្ជាក់ កុំឱ្យមានការជ្រួលច្របល់ទៅទិញអីវ៉ាន់ស្តុកទុក។
ជាងនេះទៀត សម្ដេចតេជោក៏សូមអំពាវនាវទៅអ្នកលក់ថ្នាំព្យាបាលជំងឺកូវីដ១៩ទាំងឡាយ ត្រូវបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ថ្នាំមកបន្ថែមទៀត ប៉ុន្តែសូមឱ្យយកចិត្តទុកដាក់ទៅចំណុច២យ៉ាង អំពីបញ្ហាថ្នាំព្យាបាល នោះគឺទីមួយៈ តម្លៃថ្នាំកុំបង្កើនទៅតាមចិត្តចង់។ទីពីរៈ ផ្នែកសុខាភិបាលត្រូវតែធ្វើការពិនិត្យមើលអំពីគុណភាពថ្នាំ ថាតើថ្នាំនោះសុទ្ធ ឬមិនសុទ្ធ ព្រោះបញ្ហាឱសថក្លែងក្លាយ វាកើតឡើងច្រើនណាស់។ ដូច្នេះត្រូវប្រុងប្រយ័ត្នអំពីឱសថក្លែងក្លាយនេះ។
ទន្ទឹមនេះដែរ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ខិតខំបន្តការប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង បើទោះជាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បរិមាណនៃការឆ្លងមានចំនួន រហូតទៅដល់ ៥៩៨នាក់និងស្លាប់ចំនួន០២នាក់។ ដូច្នេះហើយសូមបងប្អូនកុំមានការប្រមាថថា អូមីក្រុងនេះមិនមានការស្លាប់ឱ្យសោះ។ សម្ដេចតេជោក៏សូមអង្វរកប្រជាពលរដ្ឋរបស់យើងប្រកាន់យកឱ្យខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ» ជាមួយវិធានការទាំងឡាយដើម្បីការពារសុខភាពរបស់ខ្លួន។
សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា សូមបងប្អូនកុំគិតថា ខ្លួនបានទទួលវ៉ាក់សាំង២ដូស ៣ដូស ឬ៤ដូស វាមិនឆ្លងនោះ គឺវានៅតែឆ្លង ដូច្នេះសូមយកចិត្តទុកដាក់ទៅលើកិច្ចការពារនេះទាំងអស់គ្នា។ ម្យ៉ាងទៀតថ្ងៃស្អែកទី២៣ ខែកុម្ភៈឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចាក់វ៉ាក់សាំងដល់កុមារអាយុ ចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ដូច្នេះស្នើឱ្យមាតាបិតា អាណាព្យាបាល នាំកូននាំចៅមកទទួលវ៉ាក់សាំង នៅតាមទីកន្លែងដែលរៀបចំដោយផ្នែកសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគេមានភាពស៊ាំនៅក្នុងសហគមន៍របស់យើង៕
មតិយោបល់