ព័ត៌មានជាតិ

ថៅកែសិប្បកម្មសាច់ប៉ាតេម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់នៅច្បារអំពៅ

ភ្នំពេញ​: ថៅកែសាច់ប៉ាតេ​ ជនជាតិវៀតណាមម្នាក់រងគ្រោះខ្សែភ្លើងឆក់ស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់កាលពីនៅវេលាម៉ោង ២និង១៥ នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ទីតាំងនៅផ្ទះលេខ១១៥ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះមានឈ្មោះ ថៃ វ៉ាន់ហុង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ វៀមណាម មានមុខរបរជា ម្ចាស់សិប្បកម្មសាច់ប៉ាតេ ស្រុកកំណើតនៅប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ C 5601228។

តាមដំណើររឿងបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះបានប្រើក្មួយប្រុសឈ្មោះ ឡេ លីម​ ឲ្យទៅទិញទុលណឺវីស ដើម្បីជួសជុលខ្សែភ្លើង ហើយគាត់ក៏ឡើងទៅលើដំបូលទូក្លាសេ្ស ដោយមានកាន់កូនសោរមាត់ក្រពើនិងសោរចិញ្ចៀនលេខ១៣ ទៅជាមួយផង ពេលក្មួយត្រឡប់ពីទិញទុលណឺវីស វិញបានឃើញពូរបស់ខ្លួនដេកផ្កាប់មុខក្បាលសុទ្ធតែឈាម នៅជាប់នឹងជញ្ជាំងរបងផ្ទះខាងមុខក្បែរទូក្លាសេ្ស ក៏បានស្រែកហៅអ្នកជិតខាងឲ្យជួយ ប៉ុន្តែអកុសល្យជនរងគ្រោះបានស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានពិនិត្យនៅកន្លែងកើតហេតុ និងប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់