បុរសជនជាតិតៃវ៉ាន់ម្នាក់ឈ្លោះប្រកែកជាមួយសង្សាររហូតប្រើហិង្សា ដោយខឹងរឿងមិនចាំថ្ងៃខួបកំណើតខ្លួនបែរជាចាំថ្ងៃខួបរបស់គេទៅវិញ
ភ្នំពេញៈ បុរសជាជនជាតិតៃវ៉ាន់ម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីបានឈ្លោះប្រកែកគ្នាជាមួយនឹងនារីជាសង្សាររហូតកើតជាហិង្សាដាក់នាងបណ្ដាលឲ្យរងរបួស និងបង្ខាំងនៅក្នុងបន្ទប់មិនឲ្យចេញទៅក្រៅថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ នៅចំណុចបុរីពិភពថ្មីខាងមុខផ្សារទំនើបម៉ាក្រូ ផ្ទះលេខ96A ផ្លូវលេខNW-02 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ Dalex ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលជិតផ្សារដីហុយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ចំណែកឯបុរសជាសង្សារ មិនបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹកថាជាជនជាតិតៃវ៉ាន់ វ័យប្រហែល៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុ មានសាច់ញាតិរបស់នារីរងគ្រោះខាងលើ បានទូរស័ព្ទមកប្តឹងថា មានករណីបុរសជាជនជាតិតៃវ៉ាន់ម្នាក់បានប្រើហិង្សានិងបង្ខាំងនារីរងគ្រោះជាសង្សារនៅក្នុងផ្ទះកើតហេតុខាងលើ។ បន្ទាប់ពីបានទទួលព័ត៌មានរួចមក កម្លាំងសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗតែម្ដង តែខណៈពេលនោះក៏ឃើញនារីរងគ្រោះខាងលើបានវាចេញពីក្នុងបន្ទប់មកវេរ៉ង់ដាខាងក្រៅជាន់ទី១ ដោយសភាពទុនទ្រុឌទ្រោម។ រួចមកកម្លាំងសមត្ថកិច្ចក៏បានទៅគោះទ្វារផ្ទះកើតហេតុដើម្បីចូលទៅសួរនាំ ប៉ុន្តែបែរជាមានជនជាតិតៃវ៉ាន់ប្រុសៗពីរទៅបីនាក់ផ្សេងទៀតដែលស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើបានចេញមកមើលប៉ុន្តែមិនព្រមបើកទ្វារនោះទេ។ លុះមួយសន្ទុះក្រោយមកទើបបុរសជនជាតិតៃវ៉ាន់រូបនោះ ព្រមនាំនារីរងគ្រោះជាសង្សារចុះមកជួបសមត្ថកិច្ចនៅខាងក្រោម ដោយនារីរងគ្រោះមានរងរបួសរយះជើងខាងស្តាំនិងហើមមុខមាត់ថែមទៀតផង។ ដោយឃើញស្ថានភាពដូច្នេះ កម្លាំងសមត្ថកិច្ចក៏បានធ្វើការចាប់ឃាត់ខ្លួនបុរសជាជនជាតិតៃវ៉ាន់ខាងលើតែម្តងដើម្បីនាំយកទៅសួរនាំ ប៉ុន្តែបែរជានារីរងគ្រោះជាសង្សារស្រែកទ្រហោយំមិនព្រមអោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនសង្សារជនជាតិតៃវ៉ាន់ខាងលើទៅវិញ។
ប្រភពពីបុរសម្នាក់ដែលជាមេជាងនៅហាងអ៊ុតសក់របស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នារីរងគ្រោះនិងបុរសជនជាតិតៃវ៉ានខាងលើ បានស្គាល់គ្នានិងស្រលាញ់គ្នាអស់រយះពេលជាង៦ខែមកហើយ ដោយមិនដែលមានបញ្ហាអ្វីនោះទេ ។ ហើយកាលពីយប់ថ្ងៃ០៦នៅមុនពេលកើតហេតុ នារីរងគ្រោះបាននាំបុរសជាសង្សារដែលជាជនជាតិតៃវ៉ាន់ខាងលើទៅចូលរួមកម្មវិធីខួបកំណើតប្អូនប្រុសរបស់នាង នៅក្នុងខារ៉ាអូខេមួយកន្លែង ដោយមានការផឹកស៊ីរាំច្រៀងផងដែរ។ លុះពេលរៀងស្រវឹងស្រឿងៗរៀងៗខ្លួន ស្រាប់តែបុរសជនជាតិតៃវ៉ាន់នោះ កើតចិត្តប្រច័ណ្ឌនិងអន់ចិត្តទៅលើនារីរងគ្រោះដែលជាសង្សារ ដោយបាននិយាយថា “ហេតុអ្វីចងចាំតែថ្ងៃខួបកំណើតប្អូន ចុះថ្ងៃខួបកំណើតរបស់គាត់ម៉េចក៏មិនចាំដែលចឹង” រហូតកើតជាការឈ្លោះប្រកែកគ្នារវាងពួកគេទាំងពីរ ។ ពេលនោះក៏មានមិត្តភ័ក្ដិដែលចូលរួមក្នុងកម្មវិធីនេះ បានជួយសម្របសម្រួលពួកគេរហូតត្រូវរូវគ្នា។ ទើបនារីរងគ្រោះនិងបុរសជនជាតិតៃវ៉ាន់ជាសង្សារនោះ នាំគ្នាត្រលប់មកផ្ទះកើតហេតុដែលជាផ្ទះរបស់បុរសជាសង្សារវិញ។
ប្រភពដដែលបានបន្តថា លុះដល់ម៉ោង១រំលងអាធ្រាត្រថ្ងៃកើតហេតុ ស្រាប់តែនារីរងគ្រោះទូរស័ព្ទមកប្រាប់ថា បុរសជនជាតិតៃវ៉ាន់នោះ បានវាយនាងស្ទើស្លាប់ហើយ និងបិទទ្វារចាក់សោរមិនអោយចេញក្រៅឡើយ ។ ទើបរូបគាត់ប្រញាប់ទូរស័ព្ទប្រាប់បងស្រីនារីរងគ្រោះអោយបានដឹង រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះទៅជួយធ្វើការអន្តរាគមន៍ ភ្លាមៗតែម្ដង៕
មតិយោបល់