ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី៦ ខែមីនា ក្រុមចម្រៀងជាក្រុមដ៍ល្បីល្បាញរបស់ថៃ បានមកសម្ដែងនៅក្នុងប្រទេសកម្ពុជា ដោយធ្វើអោយហ្វេនៗនៅផ្សារទំនើបអុីអន១ពុះកញ្ជ្រោលយ៉ាងខ្លាំង។ ក្រុមចម្រៀងនេះមកកាន់កម្ពុជាតបតាមការអញ្ជើញរបស់ភាគីកម្ពុជា និងថៃ ក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា ដើម្បីចាប់ដៃគ្នារវាងប៉ុស្តិ៍លេខ៥កម្ពុជា និងក្រុមចម្រៀងនេះ ក្នុងគោលបំណងពង្រីកប្រជាប្រិយភាពគ្នាទៅវិញទៅមក។
លោក ហួង តារាមុន្នី នាយកផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានអះអាងថា ក្រុមចម្រៀងនារី BNK48 មិនមែនគ្រាន់តែល្បីនៅក្នុងប្រទេសថៃនោះទេ តែក៍ល្បីនៅក្នុងតំបន់អាសុី និងបណ្ដាប្រភាគភាគច្រើននៅលើពិភពលោកផងដែរ ដោយក្រុមមួយនេះបានកៀរគរសមាជិករហូតដល់៥៨ប្រទេសមកទល់ពេលនេះ។ ដោយសារតែក្រុមមួយនេះ កាន់តែល្បី និងមានការគាំទ្រជាសាកលខ្លាំងឡើងៗបែបហ្នឹងនោះហើយ ទើបប៉ុស្តិ៍លេខ៥ ឈានដល់ការចុះMOU ឬ អនុស្សារណៈយោគយល់គ្នា ដើម្បីបង្កើតកម្មវិធីមួយបង្ហាញពីសកម្មភាពរបស់ក្រុម BNK48 នៅTV5 ក្នុងរយៈពេល៥ឆ្នាំ ដោយTV5 ក៍មានសិទ្ធិអញ្ជើញក្រុមនេះ អោយមកសម្ដែងនៅពេលណាក៍បាន។ លោកថាក្នុងកិច្ចព្រមព្រៀងនេះ កម្ពុជានឹងមានសិទ្ធិស្នើរអ្នកមានសមត្ថភាពមួយរូបអោយក្លាយជាសមាជិកថ្មីក្នុងក្រុមចម្រៀង BNK48 ដើម្បីអោយក្លាយជាសមាជិកថ្មីមួយដូចគ្នានឹងប្រទេសចំនួន៥៨រួចមកហើយ ដែលបានក្លាយជាសមាជិកក្នុងក្រុមនេះ។ លោកថាគោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺ ក្រុមBNK48 នឹងកាន់តែល្បីនៅកម្ពុជា តែកម្ពុជាក៍អាចដាក់បញ្ចូលសមាសភាពតំណាងខ្លួនក្នុងក្រុម ដើម្បីអោយកាន់តែស្គាល់ពីការរីកចំរើននៃវិស័យចម្រៀងខ្មែរ។ លោកនឹងជ្រើសយកយុវវតីវ័យក្មេងកម្ពុជាមួយរូបអោយទទួលការបណ្ដុះបណ្ដាលនៅក្នុងក្រុមនេះ ដើម្បីអោយក្លាយជាសមាជិកក្រុមពេញសិទ្ធិក្នុងពេលខាងមុខ។
ក្រោយពិធីចុះហត្ថលេខាគេឃើញក្រុមនេះ ដែលមកបង្ហាញខ្លួនចំនួន៦រូប ធ្វើអោយកក្រើកផ្សារទំនើបអុីអន១តែម្ដង ដោយឃើញមានហ្វេនគាំទ្រយ៉ាងណែនតាន់តាប់មកហ៑ោកញ្ជ្រៀវដល់កន្លែងពិធី។ ក្រុមនេះក៍បានបកស្រាយបទចម្រៀងខ្មែររួមគ្នា ធ្វើអោយអ្នកទស្សនាជាហ្វេនកម្ពុជាស្រែកចង់ដាច់ក្រឡើតនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញមេក្រុម BNK48 បានអះអាងថាខ្លួនមានតែបេសកកម្មមកសម្ដែងនៅក្នុងពេលនោះតែប៉ុណ្ណោះ គឺមិនមានគម្រោងទៅសម្ដែងកន្លែងផ្សេងទៀត ឬដើរកម្សាន្តក្នុងដំណើរមកលើកនេះទេ គឺលើកលែងតែគម្រោងក្រោយៗ៕
មតិយោបល់