ខេត្តព្រះវិហារ៖កំលាំងចម្រុះដឹកនាំដោយលោកអភិបាលរងខេត្តមន្ដ្រីតុលាការខេត្តនិងមន្ដ្រីជំនាញមេព្រៃនៃអធិការដ្ឋានខាងជើងបឹងទន្លេសាបចុះបង្ក្រាបទីតាំងរោងសិប្បកម្មធំៗកែច្នៃឈើប្រណីតបេង ធ្នង់ នាងនួន សរុបចំនួន ៤ កន្លែងរួមមានមេឈ្មួញឈើជើងខ្លាំងឈ្មោះ ម៉ៅ សុវណ្ណ យោធាខេត្តពាក់សក្តិ៥,ឈ្មោះ វៀត ជនជាតិវៀតណាម,ឈ្មោះ ពុង និង ឈ្មោះ ម៉ឹង កាលពីព្រឹកថ្ងៃទី ២៨ តុលា ២០១៤។ទីតាំងស្តុកទុកឈើប្រណីតខុសច្បាប់ធំៗដុះស្លែទាំងនេះស្ថិតនៅក្នុងសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ។
ឈើប្រណីតបេង ធ្នង់ នាងនួន រាប់រយដុំនិងប្រភេទឈើសន្លឹកមានតំលៃថ្លៃៗរាប់ពាន់ដុល្លារអាមេរិកត្រូវបានកំលាំងមានសមត្ថកិច្ចកំពុងប្រមូលរឹបអូសចេញពីទីតាំងសិប្បកម្មល្មើសច្បាប់ដោយមិនទាន់ធ្វើការរាប់វាស់វែងនៅទ្បើយទេ។
ការចុះបង្ក្រាបនេះកំលាំងជំនាញមេព្រៃនិងថ្នាក់ដឹកនាំខេត្តរៀបចំធ្វើយ៉ាងស្ងៀមស្ងាត់និងលាក់ការណ៍យ៉ាងជិតមិនអោយក្រុមមេឈ្មួញជាម្ចាស់សិប្បកម្មដឹងខ្លួនជាមុននោះទេខ្លាចលួចចល័តគំនរឈើប្រណីតប្រភេទថ្លៃៗចេញអស់ពីទីតាំងមុខសញ្ញាត្រូវបង្ក្រាប។យុទ្ធសាស្ដ្រនេះរៀបចំដោយលោក ហ៊ុន អៀង អធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាបនិងលោក អ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារទីបំផុតការបង្ក្រាបបទល្មើសព្រៃឈើទទួលបានជោគជ័យដោយឈើប្រណីតតាប់និងប្រភេទសន្លឹករាប់រយដុំត្រូវបានបង្ក្រាបប្រមូលរឹបអូសទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។
លោក អ៊ិត ភូម្រា នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានអោយដឹងថាការចុះបង្ក្រាបរបស់កំលាំងចម្រុះនាពេលនេះធ្វើទ្បើងដោយសុំឆ្លងយោបល់ផ្ទាល់ពីលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ។កំលាំងមន្ដ្រីរដ្ឋបាលព្រៃឈើក្រោមឱវាទរបស់លោកបានចូលរួមសហការជាមួយកំលាំងចម្រុះផងដែរ។
លោកបន្តថាបរិមាណឈើប្រណីតមិនទាន់បានដឹងចំនួនពិតប្រាកដនៅទ្បើយទេព្រោះក្រុមការងារបង្ក្រាបកំពុងប្រមូលរឹបអូសចេញពីទីតាំងសិប្បកម្មស្តុកទុកឈើខុសច្បាប់។នៅសល់ទីតាំងសិប្បកម្មស្តុកឈើខុសច្បាប់ធំ១កន្លែងទៀតដែលកំលាំងចម្រុះមិនទាន់ចាត់ការបង្ក្រាបនៅទ្បើយដែលម្ចាស់សិប្បកម្មនោះឈ្មោះសល់នៅខាងក្រោយមន្ទីរទេសចរណ៍ខេត្ត។
គួរបញ្ជាក់ថាក្រុងព្រះវិហារមិនមែនជាទីក្រុងវប្បធម៌និងទេសចរណ៍នោះទេភាគច្រើនទីប្រជុំជនមួយនេះសំបូរទៅដោយឈ្មួញរកស៊ីជួញដូរទិញលក់ឈើខុសច្បាប់ហើយស្តុកទុកស្ទើរគ្រប់ផ្ទះហើយការចរាចរឈើប្រណីតខុសច្បាប់ទាំងនោះបានក្លាយទៅជារឿងសាមញ្ញ។នៅក្នុងក្រុងព្រះវិហាក៍មានកុងត្រូលជជុះប្រមូលលុយពីក្រុមឈ្មួញដឹកឈើតាមដងផ្លូវជាតិលេខ៦២ដែលមានការបើកដៃនិងឃុបឃិតគ្នាពីសំណាក់អាជ្ញាធរខេត្តព្រះវិហារផ្ទាល់តែម្ដងដោយគេស្គាល់ថាទី១ជំនាញមេព្រៃឈ្មោះ ធាធីម និងទី២ឈ្មោះ ទ្បាយ សុភាព មេបញ្ជាការរងប៉េអឹមក្រុងព្រះវិហារនេះបើតាមសេចក្ដីរាយការណ៍អោយដឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
មតិយោបល់