ព័ត៌មានជាតិ

ចិនទៀតហើយ! ស្រវឹងស្រា​បើក​រថយន្ត​ ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស ហើយ​ព្យាយាម​បើក​រត់គេចខ្លួន ​តែ​រត់​មិន​រួច​

ភ្នំពេញ: បុរសជាជនជាតិ​ចិន​ម្នាក់ ​បើករថយន្ត​ហាយឡែនឌ័រ​មួយ​គ្រឿង ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ ​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា ​ផ្នែក​ខាង​លិច​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ខណ្ឌ​សែនសុខ​ រួច​ព្យាយាម​បើករត់គេចចេញ​ពី​កន្លែង​កើត​ហេតុ ​ត្រូវ​ប្រជាការពារ​សង្កាត់​ទឹក​ថ្លា ជិះ​ដេញ​តាម​ និង​ស្ទាក់​ចាប់​បាន​នៅ​ក្បែរ​ខារ៉ាអូខេ​អង្គរសមរិទ្ធ​ តាមបណ្ដោយ​ផ្លូវ​១៨២​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួលគោក​ ​កាលពី​វេលាម៉ោង​១១និង​២០នាទី​យប់​ ថ្ងៃ​ទី​០៧​ ខែ​មីនា​ ឆ្នាំ​២០១៩​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេលកើតហេតុ​ គេឃើញ​បុរស​ជាជនជាតិ​ចិន​ម្នាក់​ ស្រវឹង​ជោកជាំ​ បាន​បើក​បរ​រថយន្ត​មួយគ្រឿង​ម៉ាក​ លុចស​RX300​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AL-5899 ធ្វើដំណើរពីលិច​ទៅ​កើតតាមបណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​ដោយ​ ក្នុង​ល្បឿន​យ៉ាង​លឿន​។

មកដល់ចំណុច​កើតហេតុ​ ក៏​ស្រាប់​តែ​រថយន្ត​​រេចង្កូត​ ជ្រុល​ទៅ​បុក​និង​បង្កាន់​ដៃ​ស្ពាន​អាកាស​ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​។ ភ្លាមៗ​នោះ​រថយន្ត​បង្ក​ ព្យាយាម​បន្ថែម​ល្បឿន​បើករត់​គេច​ខ្លួន តែ​ក៏​ត្រូវ​បាន​ប្រជាការពារ​សង្កាត់​ទឹក​ថ្លា​ឃើញ​ហេតុការណ៍​ ក៏​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ចំណុច​ខាងលើ​ ទើប​អាច​ស្ទាក់​ចាប់​បាន​។

ក្រោយ​ពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ ក៏​បាន​ចុះ​មក​ដល់កន្លែង​កើតហេតុ​ ​បាន​ទាក់ទងសមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​ យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅឯ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់៕​

មតិយោបល់