ព័ត៌មានជាតិ

លួចដែកការដ្ឋានសំណង់ធ្វើផ្លូវ មេការនិងមេភូមិ ចាប់បានប្រគល់ឲ្យប៉ូលិស

ភ្នំពេញៈ ជនសង្ស័យ២នាក់ ប្រដាប់ដោយម៉ូតូសណ្តោងរ៉ឺម៉ក ញុកបំពង់ស៊ីម៉ាំង ខ្ទប់សំទ្បេង ដើរធ្វើសកម្មភាពលួចយកដែក សម្ភារៈការដ្ឋានសំណង់កំពុងធ្វើផ្លូវ ត្រូវបានមេការ រួមជាមួយមេភូមិ ចាប់ខ្លួនរួមទាំងវត្ថុតាង ប្រគល់ឲ្យប៉ូលិស កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបាន ទី១ ឈ្មោះ ចាន់ សុផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្រែព្រីង សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ទី២ ឈ្មោះ ចេង ប៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាដ ស្នាក់នៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិផ្អេរ ឃុំផ្អេរ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមសម្តីបុរសឈ្មោះ ស៊ឹម វុទ្ធី អាយុ៣៨ឆ្នាំ ជាមេការសំណង់ខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែមិនា ត្រង់ចំណុចខាងលើ បាត់ដែកពុម្ព អស់៨ដើម និងម៉ាស៊ីន សម្រាប់វីបេតុង ម្តងហើយ ស្រាប់តែមកដល់វេលាម៉ោងខាងលើនេះ ជនសង្ស័យ២នាក់ ប្រើប្រាស់ម៉ូតូសណ្តោងរ៉ឺម៉ក ជាមធ្យោបាយ ដោយញុកបំពង់ស៊ីម៉ាំង ខ្ទប់សំទ្បេង ទៅលើកដែកពុម្ព ខណៈដែលកំពុងលើក គាត់ឃើញទាន់ ក៏ចាប់ឃាត់ខ្លួនតែម្តង ។

តាមសម្តីជនសង្ស័យ បានឲ្យដឹងថា ពួកគេពិតជាលួចយកដែកនៅចំណុចខាងលើមែន ហើយកាលពីថ្ងៃទី០៩ កន្លងទៅពួកគេលួចបានតែម៉ាស៊ីន វីបេតុងទេ ។

តាមសម្តី លោក វ៉ា ញ៉ មេភូមិព្រៃព្រីងជើង បានឲ្យដឹងថា ជនសង្ស័យ ប្រើប្រាស់ម៉ូតូសណ្តោងរ៉ឺម៉ក ញុកក្រណាត់ផ្ចិតបំពង់ស៊ីម៉ាំង ឲ្យស្ងាត់ ដើម្បីដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិតាមភូមិពេលយប់ បាត់ច្រើនលើកច្រើនសារហើយ ទើបលើកនេះចាប់ខ្លួនបាន ។ ស្របពេលដែលឃាត់ខ្លួនជនសង្ស័យ២នាក់ លួចដែក ស្រាប់តែ មានបុរសម្នាក់ផ្សេងទៀត អូសរទេះអេតចាយ ដឹកដែក ច្រងែងច្រង៉ាង កាត់តាមចំណុចក្នុងភូមិខាងលើ ដោយសង្ស័យ ក៏ចាប់ឃាត់ ប្រគល់ឲ្យប៉ូលិសសាកសួររួមជាមួយដែរ។

បុរសអូសរទេះ ឈ្មោះ ថេ ដេត អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យ២នាក់ និងបុរសម្នាក់ទៀត សរុប៣នាក់ ត្រូវបានឃាត់ខ្លួន នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់