ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកកម្មករម្នាក់ស្លាប់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ​: កាលពីវេលាម៉ោងប្រហែល ៩យប់ថ្ងៃទី ​១២ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យបុរសឲ្យម្នាក់ស្លាប់ នៅលើផ្លូវវិថីផែ ត្រង់ចំណុចមុខអគ្គិសនី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ហន សារ៉េត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ រួមដំណើរជាមួយប្រពន្ធឈ្មោះ ឡៃ ចាន់នី អាយុ ២១ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បើកបរម៉ូតូម៉ាក SIRIUS ពណ៌ ខ្មៅ-ក្រហម គ្មានពាក់ស្លាកលេខ។

លុះបើកមកដល់ចំណុចខាងលើ មានរថយន្ត ០១គ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរពីកើតទៅលិច ក៏បានបុកម៉ូតូ ដែលធ្វើដំណើរផ្ទុយទិសគ្នា បណ្ដាលឲ្យបុរសជាប្ដីស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុ រថយន្តបង្ករត់គេចខ្លួនបាត់។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបន្តការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្កយកមកអនុវត្តន៍តាមច្បាប់ ចំណែក​ឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់