ព័ត៌មានជាតិ

ចំថ្ងៃស៊យ! ឆក់បានហើយ រត់មិនរួចជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ ខណៈកំពុងជិះម៉ូតូបានសម្រេច នៅចំណុចស្តុបផ្សារព្រៃទា​ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហើយព្យាយាមគេចខ្លួន រហូតមកដល់ចំណុចច្រកចូលផ្សារតាំងកសាង​ សង្កាត់កាកាបទី២​ ក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី១៣​ ខែមិនា​ ឆ្នាំ២០១៩​។

ជនសង្ស័យទី១ឈ្មោះ ឌិន សំអូន​ ហៅវី​ ភេទប្រុស អាយុ១៨​ ឆ្នាំ​ មុនរបរមិន ពិតប្រាកដ​ ស្នាក់នៅភូមិក្រាំងពង្រ​ ឃុំបសរ​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។ ទី២ឈ្មោះខុន​ សៀងហួត​ ភេទប្រុសអាយុ១៨​ ឆ្នាំ​ មុខរបរជាងចាក់សាក់​ ស្នាក់នៅខេត្តជាមួយគ្នា។

តាមសាក្សីបានឲ្យដឹងថា​ មុនពេលកើតហេតុគេ បានឃើញក្មេងស្រី២នាក់ ជិះម៉ូតូម៉ាក nex ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 1FN-4425 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី​ ដោយបានដាក់ទូរស័ព្ទនៅក្នុងឃ្លុបមុខ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខកណ្តាល1G 8125 ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច បណ្តាលឲ្យជនរងគ្រោះរងរបួស ហើយព្យាយាមជិះគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍រដ្ឋបាលកាកាទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអធិការចាត់ការបន្ត៕

មតិយោបល់