ព័ត៌មានជាតិ

ធ្លាប់​រកស៊ី​បាន​ជោគជ័យ​នៅ​ភ្នំពេញ​ ទៅ​សាកល្បង​នៅ​ខេត្តបន្ទាយមានជ័យ​ជាប់​ខ្នោះ​ល្មម

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់ ​ជំនាញ​កាច់​សោ​.ក​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ ហើយ​មក​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវ​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ ​ឃាត់ខ្លួនបាន​នៅវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នៅ​ចំណុច​កន្លែង​កម្សាន្ត​អាង​ហែល ប៊ី​អឹម​ស៊ី ស្ថិតនៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណ:ដែល​ជនសង្ស័យ​ កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​មិនបាន​សម្រេច ។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ខែម សោ​ភ័​ណ្ឌ ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ផៃ សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​រស់នៅ​ភូមិ​-​សង្កាត់​តាំងក្រសាំង​ខណ្ឌ​ដង្កោ រា​ធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ចូល​លួច ​(​កាច់​សោ​.ក​ម៉ូតូ​)​ នៅ​ចំណុច​អាង​ហែល ប៊ី​អឹម​ស៊ី ក្រុង​សិរីសោភ័ណ ម្តង​រួចមកហើយ ប៉ុន្តែ​មិនបាន​សម្រេច​ដោយសារ​ម្ចាស់​ម៉ូតូ​បានឃើញ ហើយ​ជននេះ​ក៏​រត់​គេចខ្លួនបាត់​។​

​លុះ​មកដល់​ថ្ងៃទី​១៤ ខែមីនា ជនសង្ស័យ​បន្ត​មក​ធ្វើ​សកម្មភាព​កាច់​សោ.ក​ម៉ូតូ​ម៉ាក​ហុងដា​ស៊េរី ឆ្នាំ​២០១៨ ពណ៌​ខ្មៅ របស់​ជនរងគ្រោះ​ឈ្មោះ ហួត កញ្ញា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ភូមិ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខ​ណ:ជនរងគ្រោះ​ទុក​ម៉ូតូ​នៅក្នុង​កន្លែង​អាង​ហែល​ទឹក​រំពេច​នោះ​កម្លាំង​នគរបាល​ប​ប្រចាំការ​នៅ​ចំណុច​នោះ​ដេញចាប់​ឃាត់ខ្លួន​បានតែ​ម្តង ។​

​បើតាម​ចម្លើយសារភាព​ពី​ជ​សង្ស័យ​ឈ្មោះ​ផៃ សុភាព ប្រាប់ថា រូបគេ​ធ្លាប់ ធ្វើ​កម្មករសំណង់​នៅ​ប្រទេស​ថៃ ការចេះ​ជំនាញ​កាច់​សោ.ក​ម៉ូតូ​គឺមាន​ពួកម៉ាក​បង្ហាត់បង្រៀន​ នៅ​ប្រទេស​ថៃ​។ ​រូបគេ​នៅ​ភ្នំពេញ​ មកដល់​ខេត្តបន្ទាយមានជ័យ តាមរយ:​ស្រី​ស្នេហ៍​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

មតិយោបល់