ភ្នំពេញៈ មន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ ខណៈដែលចប់ម៉ោងការកូនស្រី បានយកកាំភ្លើងខ្លី ម៉ាកK54 មកអាម៉េបញ្ចូលគ្រាប់ទុក ដើម្បីការពាលុយចំណងដៃ ព្រោះខ្លាចមានជនឆ្លៀតឱកាស ស្រាប់តែកាំភ្លើងរាលកៃ បណ្ដាលឲ្យផ្ទុះមួយគ្រាប់ រងរបួសដាច់ម្រាមដៃមួយ។
ហេតុការណ៍នេះ បានបង្កភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ ត្រង់ចំណុចអាគារA ក្រោយផ្សារអ៊ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
មន្ត្រីនគរបាលរូបនោះ មានឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់ពីមន្ត្រីរូបនោះ បានឲ្យដឹងថា មុនកើតហេតុ រូបគាត់បានរៀបចំពិធីមង្គលការកូន នៅចំណុចកើតហេតុខាងលើ។ លុះដល់ពិធីមង្គលការចប់សព្វគ្រប់ហើយ គាត់បានរៀបចំយកលុយ ចំណងដៃការកូន ដាក់ក្នុងរថយន្ត ខណៈនោះក៏មានគេមកប្រាប់ថា មានជនមិនស្គាល់មុខ បានចូលមកនៅចំណុចទីតាំងខាងលើ។
ភ្លាមៗនោះរូបគាត់ បានឮដូច្នោះមានការភ័យខ្លាចគេប្លន់ ក៏យកកាំភ្លើងខ្លីដែលដាក់តាមខ្លួនអាម៉េ បញ្ចូលគ្រាប់ទុក ស្រាប់តែរាលកៃផ្ទុះមួយគ្រាប់ បណ្ដាលឲ្យរងរបួសដាច់ម្រាមដៃមួយ ត្រូវបងប្អូនដឹកតាមរថយន្តមួយគ្រឿង យកមកព្យាបាលនៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចសែនសុខ បានចុះមកដល់មន្ទីរពេទ្យចំរើន ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ៕
មតិយោបល់