ព័ត៌មានជាតិ

Update៖ ករណីឃាតកម្ម! ភ្លើងប្រចណ្ឌ បុរស​វ័យ​ចំណាស់ម្នាក់ យកដំបងឫស្សីវាយសម្លាប់បុរសម្នាក់​រួចអូសទម្លាក់ទឹកស្រះ នៅស្រុកកំរៀង

បាត់ដំបងៈ នៅព្រឹកថ្ងៃទី​ ១៧​ ខែ​មិនា​ ឆ្នាំ​២០១៩​ ដោយអនុវត្តនូវបទបញ្ជារបស់​លោកឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងមានការ​សម្របសម្រួលលើនីតិវិធីពីលោក​ នួន​ សាន​ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្តបាត់ដំបងផង​នោះ​ លោកឧត្តមសេនីយ៍ត្រី​ជេត​ វណ្ណនី​ ស្នង​ការរងផែនការងារព្រហ្មទណ្ឌ​ បានដឹកនាំការ​កម្លាំងជំនាញក្នុងផែន​សហការជាមួយកម្លាំងនគរ​បាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ឯក​ គឹម​ ពន្លក​ ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវករណីឃាតកម្មគិតទុកជាមុនមួយករណី​ក្នុងមូលដ្ឋានភូមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកំរៀង រហូតឈានទៅធ្វើការឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់ ​និង​ប្រពន្ធរបស់គាត់ ដែលជាជនជាប់សង្ស័យ ក្នុងអំពើឃាតកម្មមួយនេះ​។

សូមជំរាបថា កាលពីថ្ងៃទី​១៦​ ខែ​មិនា​ ឆ្នាំ២០១៩​ មានករណីពលរដ្ឋ ប្រទះឃើញសាកសព​បុរស​ម្នាក់ នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិស្វាយធំ​ ឃុំបឹងរាំង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង។

សពបុរសខាងលើឈ្មោះ​ សំ​ ម៉ៅ​ អាយុ​ ៥១​ឆ្នាំ រស់​នៅភូមិថ្មី​ ឃុំត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ហើយនៅលើខ្លួន សាកសពមានស្លាក​ស្នាមរបួស ដោយអន្លើ និងមានចំណងកន្សែង​រឹតជាប់នឹងកផង​ ។ ផ្តើមចេញពីបញ្ហានេះ នគរ​បាល​បានដាក់ការសង្ស័យថា ជាករណីឃាតក​ម្ម ចំពោះជនងគ្រោះ ដែលនាំទៅដល់​ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត​ ក្រោម​ បញ្ជាផ្ទាល់ពីលោកស្នងការនគរបាលខេត្តបាត់ដំបង​ មកដល់ថ្ងៃទី​ ១៧​ ខែ​មិនា​ ឆ្នាំ​២០​១​៩​ ដោយបានការយល់ព្រមពីលោក​ នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូង​នរបាលបាន​សម្រេច​ឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ​ ភេង​ ភាព​ អាយុ៥១​ឆ្នាំ​ រស់នៅ​ភូមិត្រាង​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ជាប្តី និងស្រ្តីជាប្រពន្ធឈ្មោះ​ សែត​ ភាព​ អាយុ​ ៥០​ឆ្នាំ​ ដើម្បីធ្វើការស្រាវជ្រាវ​ ។

ឆ្លងតាមរយៈការស្រាវជ្រាវប្រមូលភស្តុតាងជនសង្ស័យ​ ភេង​ ភាព​ បានឆ្លើយសារភាពថា​ ខ្លួន បានប្រើប្រាស់ដំបងឫស្សី ​វាយសម្លាប់ជនរងគ្រោះឈ្មោះ​ សំ​ ម៉ៅ​ កាលពីយប់ថ្ងៃទី​ ១៤​ ខែ​មិនា​ ឆ្នាំ​២០១៩ ​ដែលក្នុងសម្មភាពនេះ ក៏បានការចូលរួមពីប្រពន្ធខ្លួនផងដែរ​ ហើយមូលហេតុដែលឈានដល់ការវាយសម្លាប់ជនរងគ្រោះនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ រវាងជនរងគ្រោះ ជាមួយប្រពន្ធរ​ប​ស់​ខ្លួន នាពេលកន្លងទៅ​។

សូមបញ្ជាក់ថា៖ នា​រយ:ពេលកន្លងទៅ ជនរងគ្រោះធ្លាប់ចេញ​ចូល​ក្នុងលំនៅដ្ឋានរបស់ជស័ង្សយ ដោយ​សារ​តែពួកគាត់មានទីលំនៅជិតខាងគ្នា​ ហើយបន្តិចម្តងៗ ជនសង្ស័យ បានផ្តើមគំនិតប្រចណ្ឌលើជនរ​ង​គ្រោះ​និងប្រពន្ធខ្លួនថា មានទំនាក់ទំនងស្នេហាជាមួយគ្នា​ ហើយធ្លាប់ប្រាប់ថា ឈប់ឲ្យជនរងគ្រោះចេញ​ចូល​ ក្នុងលំនៅដ្ឋានរបស់ខ្លួន​ទៀត។
នៅយប់កើតហេតុជនរងគ្រោះ មកសុំស្នាក់នៅក្នុងផ្ទះរបស់ជនស័ង្សយ ដោយសារជនរងគ្រោះ និងប្រពន្ធជនរងគ្រោះ មានទំនាស់ជាមួយគ្នា ហើយមិនបានអនុញ្ញាតឲ្យជនរងគ្រោះ សម្រាកនៅក្នុងផ្ទះទេ​ ដោយនៅពេលនោះ ជនស័ង្សយ និងរងគ្រោះ បានជម្លោះគ្នា រហូតឈានដល់ការប្រើប្រាស់ដំបងវាយជនរងគ្រោះ ហើយ​អូសទៅទម្លាក់ក្នុងទឹកស្រះមួយកន្លែង ស្ថិតនៅក្នុងភូមិ​ ។
ក្នុងពេលវាយប្រហារនេះ ប្រពន្ធជនសង្ស័យ បានជួយក្រៀកអូសជនរងគ្រោះ ទៅកាន់មាត់ស្រះ​ និងយកកន្សែង រឹតកបន្ថែមទៀត​មុនពេលទម្លាក់ចូលក្នុងទឹកស្រះ​​ ដើម្បីជាការបង្វែងដានសមត្ថកិច្ច ជនសង្ស័យបានយកក្រដាស់សរសេរអក្សរមានន័យថា​ (កូនស៊ីឪ​ពុក…..​) បង្កប់នៅក្នុងកាបូបរបស់ជនរងគ្រោះ ក្នុងចេតនា​ទម្លាក់រឿងនេះ ទៅឲ្យកូន​ប្រសារប្រុ​សរ​បស់ជន​រងគ្រោះជាអ្នកទទួល។

បច្ចុប្បន្នជនស័ង្សយទាំងពីរនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចក​សាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់