កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារីម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ រីឯមនុស្ស២នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដបើកបុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣១-៣២ ស្ថិតក្នុង ភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូល បានឲ្យដឹងថា នារីរងគ្រោះស្លាប់មានឈ្មោះ ឈឹម សុខនិត្យ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នករួមដំណើរលើរថយន្ដម៉ាក B.M.W (បេអិមឌុបលឺវេ) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AC-7979 ដែលបើកបរដោយឈ្មោះ ឈាង សារ៉ាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករលាងរថយន្ដ មានទីលំនៅភូមិថ្មប្រជុំ ឃុំមានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសស្រាល) និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឡេង ម៉េងហៀង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករលក់សាំង មានទីលំនៅភូមិព្រែកតាទន់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាក B.M.W (បេអិមឌុបលឺវេ)ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដខាងលើបានជ្រុលចង្កូតទៅបុកទម្លុះជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋលក់ម៉ូតូដែលមានចំងាយពីផ្លូវប្រវែង៤,៩០ម៉ែត្រ បណ្ដាលឲ្យនារីម្នាក់ជាអ្នករួមដំណើរក្នុងរថយន្ដស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើករថយន្ដនិងអ្នករួមដំណើរម្នាក់ទៀតរបួសស្រាល ។
ក្រោយពីមានហេតុការណ៍កើតឡើង មន្រ្ដីនគរបាលជំនាញ បានចុះធ្វើការអន្ដរាគមន៍កន្លែងកើតហេតុ រួចពិនិត្យវាស់វែងកសាងឯកសារដកហូតរថយន្ដខាងលើ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបណ្ដាលមកពីអ្នកបើកបររថយន្ដ បើកដោយល្បឿនលឿន ហើយបើកស្ថិតក្នុងសភាពងងុយដេក ទើបបានជាកើតហេតុមានគ្រោះថ្នាក់បែបនេះ៕
មតិយោបល់