ភ្នំពេញៈ នៅវេលាម៉ោង ១០ និង ៥០នាទីយប់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតក្រុមហ៊ុនលក់រថយន្តសឺដែស សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តលឿន រួចជ្រុលទៅបុកម៉ូតូទាំងកំរោល បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាម៉ុយឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។
រងយន្តបង្ក ម៉ាក Toyota Prius ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AP-1100 ធ្វើដំណើរពីលិចទៅកើត យ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូ ០១គ្រឿងម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-9780 កំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា ពេញមួយទំហឹងខ្ទាតប៉ើងប្រហែល១០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ រថយន្តបង្កបានព្យាយាមបើករត់គេច តែត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានដេញតាម រហូតដល់ក្រោមស្ពានសំរោង ទើបឃាត់បានរថយន្ត និងអ្នកបើកបរ។
ករណីនេះភ្នាក់ងារ Post News សង្កេតឃើញមានមន្ត្រីប៉ូលិសស័ក្តិ៤ម្នាក់ អន្តរាគមន៍និងសាច់ញាតិជនបង្កជាច្រើននាក់ទៀត ប៉ុន្តែមើលទៅមិនអាចទៅរួចក៏បើករថយន្តចេញទៅរៀងៗខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយតាមនីតិវិធីច្បាប់៕
មតិយោបល់