ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មនៅស្រុកមុខកំពូល ខឹងសុំរួមភេទមិនព្រម ក៏សម្លាប់ ចាប់បានឃាតកហើយ

កណ្ដាលៈ ករណីឃាតកម្មសម្លាប់នារីរងគ្រោះ ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល នៅចំណុចក្នុងប្រឡាយភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១ និង៤៧នាទីរសៀល ត្រូវបានបំបែកសំណុំរឿង នាវេលាម៉ោង១០ និង០៨នាទីព្រឹកថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ ។

សមត្ថកិច្ចប្រើពេលវេលាស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេល១៣ថ្ងៃ ទើបឈានមកកំណត់ បានមុខសញ្ញា និងចាប់បានឃាតក ជាជនដៃដល់ ។ ជនសង្ស័យម្នាក់ ឈ្មោះ អន អឿន អាយុ១៨ឆ្នាំ នៅភូមិក្រោលគោ មុខរបរ កសិករ និង រាវលាស។

សមត្ថកិច្ច បានឲ្យដឹងថា កន្លងមកជនរងគ្រោះ និងជនសង្ស័យ ជាសង្សារនឹងគ្នាមានរយៈពេល១ឆ្នាំកន្លងមកហើយ តែក្រោយមកបានដាច់ទំនាក់ ទំនងគ្នា ដោយសារជនសង្ស័យ មិនមានទូរស័ព្ទប្រើប្រាស់ សម្រាប់ទាក់ទងគ្នា ។
លុះមកដល់ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង ៦ល្ងាច ជនសង្ស័យ បានជិះកង់ចេញពីផ្ទះរបស់ខ្លួន ក្នុងគោលបំណង ទៅរកទិញថ្នាំញៀន នៅសង្កាត់ព្រែកព្នៅ (រាជធានីភ្នំពេញ) ពេលជិះកង់មកដល់ចំណុច គល់ស្ពាន លីយ៉ុងផាត់ ព្រែកព្នៅ ក៏បានជួបជនរងគ្រោះ កំពុងធ្វើដំណើរ ដោយថ្មើរជើង ឆ្លងកាត់ស្ពាន មកត្រើយខាងកើត ពេលនោះជនសង្ស័យ បានសួរជនរងគ្រោះថា ទៅណា នារីរងគ្រោះឆ្លើយថា មកផ្ទះនៅភូមិព្រែកឬស ជួយជូនខ្ញុំ មកផ្ទះបានដែរឬអត់? ជនសង្ស័យឆ្លើយថាយល់ព្រម ហើយក៏ឌុបជនរងគ្រោះ ចូលត្រឡប់មកភូមិវិញ ពេលធ្វើដំណើរ កាត់ចូលមកដល់ កន្លែងកើតហេតុ ក៏បានអង្គុយសារសងគ្នា មួយសន្ទុះធំ ក្រោយមកជនសង្ស័យ បានសុំរួមភេទ ប៉ុន្តែនារីរងគ្រោះ មិនយល់ព្រម ជនសង្ស័យ បានស្ទុះទៅយកឈើចង្កូតទូក ដែលនៅលើវាលស្មៅ ក្បែរនោះ មកវាយជនរងគ្រោះពីក្រោយចំនួន២ដង បណ្ដាលឲ្យជនរងគ្រោះ ដួលផ្កាប់មុខបែកឈាម បន្ទាប់មកជនសង្ស័យ បានទាញផ្ងារជនរងគ្រោះ ហើយវាយថែមជាច្រើនដងថែមទៀតលើផ្នែកមុខ និងក្បាល ហើយបានស្រាតខោខ្លី ចេញពីខ្លួន ក្នុងបំណងរំលោភ ដោយឃើញមានចេញឈាមច្រើនពេកជនសង្ស័យ មានការភ័យខ្លាច ក៏រត់ចោលខោខ្លី បន្សល់ទុកខោខ្លី នៅកន្លែងកើតហេតុរួច ជិះកង់វិលត្រឡប់មកផ្ទះវិញ ។

លុះព្រឹកឡើងថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១ និង៤៧នាទីរសៀល ទើបសមត្ថកិច្ច បានទទួលព័ត៌មានអំពីហេតុការណ៍នេះបានកើតឡើង ។

តាមការសន្និដ្ឋាននេះ ជាករណីឃាតកម្ម មូលហេតុនៃ ការសម្លាប់៖
១.ស្របពេល ដោយចៃដន្យ ជនសង្ស័យជិះកង់ទៅរកទិញថ្នាំញៀន នៅគល់ស្ពាន លីយ៉ុងផាត់ (ព្រែកព្នៅ)បានជួបជនរងគ្រោះ កំពុងធ្វើដំណើរ ដោយថ្មើរជើង ហើយបានពឹងជនសង្ស័យឲ្យជួយជូន ឌុបចូលមកផ្ទះរបស់ខ្លួន ។
២.មានគំនុំ ជាមួយជនរងគ្រោះដែលជាអតីត សង្សាររបស់ខ្លួនទៅមានប្រុសថ្មី ហើយនឹងទៅរៀបការជាមួយអ្នកថ្មី នាពេលខាងមុខ ហើយបន្ទាប់ពីសុំរួមភេទ តែជនរងគ្រោះ មិនព្រមឲ្យទើបធ្វើសកម្មភាពយកឈើ ចង្កូតទូកវាយ ជនរង គ្រោះ បណ្ដាលឲ្យស្លាប់តែម្តង៕

មតិយោបល់