ព័ត៌មានជាតិ

ជនសង្ស័យប្លន់ពីប្រទេសវៀតណាម រត់មកកម្ពុជា ត្រូវសមត្ថកិច្ចខេត្តត្បូងឃ្មុំ និងក្រចេះសហការគ្នាឃាត់ខ្លួន

ត្បូងឃ្មុំៈ ក្រោយពីទទួលបានព័ត៌មានពីសមត្ថកិច្ចវៀតណាមថា មានជនសង្ស័យ ០៣នាក់ ជាជនជាតិខ្មែរ យកម៉ូតូពីប្រជាពលរដ្ឋវៀតណាម នៅក្នុងភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹង ខេត្តតៃនិញ ប្រទេសវៀតណាម រួចរត់គេចខ្លួន ចូលក្នុងប្រទេសកម្ពុជា តាមច្រករបៀងបេង ស្ថិតក្នុងភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២ និង២៧នាទីរសៀល។

នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ រួមនឹងកម្លាំងព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក ប៊ុនណុន ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យទាំង០៣នាក់នោះ មានលំនៅស្ថានក្នុងភូមិសូទី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានឈ្មោះ៖
១.ឈឿន ឆេង ភេទប្រុស អាយុ ៣៧ឆ្នាំ
២.ខ្មៅ គា (ហៅក្លូ) ភេទ ប្រុស អាយុ ២២ឆ្នាំ
៣.គាន ស្លឹប (ហៅស្លឹក) ភេទប្រុស អាយុ ២២ឆ្នាំ។

កិច្ចសហប្រតិបត្តិការបង្ក្រាបលើករណីនេះ កម្លាំងធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១ និង៣០នាទីរសៀល ទើបទទួលដំណឹងថា ជនសង្ស័យទាំង៣ រត់គេចទៅសំងំលាក់ខ្លួន នៅផ្ទះសាច់ញាតិបងប្អូន ស្ថិតនៅភូមិអញ្ជាញ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ករណីប្លន់យកម៉ូតូពីជនវៀតណាម នៅលើទឹកដីប្រទេសវៀតណាមនេះ គឺកម្លាំងដែនដី រវាងនគរបាលខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ តាមការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បន្តធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងបី នៅមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងបី នៅម៉ោង ០៦ និង៤០នាទី រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ប្រគល់ទៅឲ្យតុលាការខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនសង្ស័យ០៣នាក់ សាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តត្បូងឃ្មុំ នៅក្រោមការពិនិត្យពីបទល្មើសលួច ប្រព្រឹត្តនៅចំណុចព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម៕

មតិយោបល់