ព័ត៌មានជាតិ

រត់ម៉ូតូឌុប និងម៉ូតូកង់បី មិនសូវកាក់កប ប្ដូរអាជីប ក៏ត្រូវជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ មានករណីចោរឆក់កាបូប ពីមនុស្សប្រុសស្រីចំនួន ៤នាក់ បានសម្រេច តែក្រោយមកត្រូវប្រជាពលរដ្ឋដេញចាប់បាន តាមដងផ្លូវលេខ១០៥ កែងនិងផ្លូវ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនង្ស័យទី១.ឈ្មោះហ៊ួន វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារតាប៉ាង មានស្រុកកំណើតនៅភូមិបង់ឯក ឃុំ ពាមមានជ័យ ស្រុកពាមរ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ និងទី២.ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នករត់ម៉ូតូកង់បី នៅហាងម្លប់មេឃ រស់នៅច្រាំងបាក់ ខណ្ឌច្បារអំពៅ ជាអ្នកអង្គុយពីក្រោយធ្វើសកម្មភាពឆក់។ ដោយឡែកជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ។

ប្រភពពីអ្នកដឹកស្រ្តីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានដឹកស្រ្តី ៣នាក់ ព្រមទាំងជនរងគ្រោះ ចេញពីម្តុំខាងក្រោយវាំង ឆ្ពោះទៅផ្ទះនៅម្តុំវត្តសន្សំកុសល លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GW-6582 បានធ្វើសកម្មភាពឆក់កាបូបពីស្រ្តីរងគ្រោះបានសម្រេច ធ្វើឲ្យម៉ូតូជនរងគ្រោះ ដួលរងរបួសស្រាល ភ្លាមៗនោះនារីរងគ្រោះ បានលើកម៉ូតូជិះដេញតាម រួចស្រែកថា ចោរៗឆក់កាបូប ឮដល់ប្រជាពលរដ្ឋនៅក្បែរនោះ បានជួយដេញចាប់ ព្រមទាំងអ្នកសារព័ត៌មាន ក៏បានជួយដេញចាប់ផងដែរ រហូតដល់បុរីអង្គរភ្នំពេញ ទើបចាប់បាន រួចប្រគល់ជនសង្ស័យ ឲ្យសមត្ថកិច្ចតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់