ព័ត៌មានជាតិ

Update៖ ស្គាល់អត្តសញ្ញាណរថយន្ត Range Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកនិស្សិតស្រីសកលវិទ្យាល័យ Zaman ហើយ

ភ្នំពេញៈ និស្សិតស្រីម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីត្រូវរថយន្តរ៉ងរ៉ូវើ បើកបុកម៉ូតូ ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង១ និង២៥នាទីរសៀលថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ៣១៧ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777។
ចំណែកនារីរងគ្រោះ ឈ្មោះ ឌុំ រីដា អាយុ២៤ ឆ្នាំ មុខរបរនិស្សិត នៃសកលវិទ្យាល័យ Zaman ស្នាក់នៅភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ជិះម៉ូតូម៉ាកគប់ ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល1J-5254។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត Range Rover ពណ៌ខ្មៅ បើកតាមបណ្តោយផ្លូវ ៣១៧ ពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ក៏មានម៉ូតូជិះដោយនារីងគ្រោះ ទិសដៅពីលិចទៅកើត កំពុងឆ្លងជិតផុតផ្លូវបែកជាបួនហើយ ស្រាប់តែរថយន្តខាងលើ បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង ចំណែករថយន្តបង្ក បានបើកគេចចេញពីទីតាំងកើតហេតុបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងទាក់ទងសាច់ញាតិ មកយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តបង្ក សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ម្ចាស់រថយន្តក ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់