ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួបកំណើតថ្ងៃបង្កើតកម្លាំងកងរាជអាវុធហត្ថ និងសម្ពោធអគារថ្មី

ភ្នំពេញៈ នៅម៉ោង៨ព្រឹកថ្ងៃច័ន្ទទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជាអធិបតីក្នុងពិធីបុណ្យខួបកំណើត ថ្ងៃបង្កើតកងកម្លាំង កងរាជអាវុធហត្ថ ដែលប្រារព្វធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ពោធអគារសេនាធិការដ្ឋាន រួមនិងសមិទ្ធិផលនានាដែលមានតម្លៃជាង១០លានដុល្លារ ផងដែរ។

នៅក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាកប្រមុខក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ទៀ បាញ់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ មេបញ្ជារង នាយអាវុធហត្ថ ពលអាវុធហត្ថ អនុព័ន្ធយោធានៃបណ្តាប្រទេសនានា រួមនឹងបណ្តាអង្គទូតនានាផងដែរ។

គួរបញ្ជាក់ផងដែរថា អគារសេនាធិការដ្ឋាន នៃកងរាជអាវុធ ដែលបើកសម្ពោធដាក់ឲ្យប្រើប្រាស់ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។ អគានេះសាងសង់លើផ្ទៃដីទំហំ ៨,៨២០ម៉ែត្រការ៉េ មានកម្ពស់ ៩ជាន់ ទទឹងប្រវែងស្មើ ១៤ម៉ែត្រ បណ្តោយប្រវែង ៧០ម៉ែត្រ ចំណាយថវិកា ២,៤៥០,០០០ដុល្លារ។ អគារទី២ ដែលជាអគារស្នាក់នៅរបស់កម្លាំងកងអន្តរាគមន៍មានផ្ទៃក្រឡាទំហំស្មើ ៣,៣៦០ម៉ែត្រការ៉េ កម្ពស់ ៥ជាន់ ទទឹងស្មើ ១២ម៉ែត្រ បណ្តោយប្រវែង ៥៦ម៉ែត្រ ចំណាងថវិកា ៧៦០,០០០ដុល្លារ។

ក្រៅពីអគារទាំងពីរខាងលើ នៅមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងសង្ហារឹមជាច្រើនទៀត ត្រូវបានកសាង និងបំពាក់ក្នុងអគារទាំងពីរខាងលើ សម្រាប់មន្រ្តីកងរាជអាវុធហត្ថបំពេញការងារ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាសរុប ៥,០២២,០៦៣ដុល្លារ៕

 

មតិយោបល់