ព័ត៌មានជាតិ

យប់មិញផ្អើលអាជីវករ ផ្ទុះការតវ៉ា នៅផ្សារស្អាង

កណ្តាល: កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ មានករណីអាជីវករផ្ទុះការតវ៉ា នៅចំណុចផ្សារស្អាងខាងត្បូង ស្ថិតនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

កើតទ្បើងបន្ទាប់ពីលោក ប៉ោ សេង ថៅកែភាស៊ីស្រុកស្អាង បានបញ្ជាឲ្យកូនចៅមានគ្នាចំនួន ៦នាក់ យកគ្រឿងចក្រ ១គ្រឿង មកធ្វើសកម្មភាពរុះរើដំបូលផ្សារ ត្រង់ចំណុចផ្លូវដើរ ដែលធ្វើអំពីឈើប្រកសង្ក័សី មានទំហំ ៤×៥០ម៉ែត្រ ។

ករណីនេះ បានធ្វើឲ្យអាជីវករជាង ១០០នាក់ ផ្ទុះកំហឹង រួចក៏ធ្វើការតវ៉ា មិនឲ្យរុះរើដំបូលផ្សារជាដាច់ខាត ដោយរំពេចនោះមានឈ្មោះ លន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជាកូនចៅលោកប៉ោ សេង និងបក្ខពួក បានគំរាមវាយឈ្មោះស៊្រាង ហុង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរជាអ្នកលក់ដូរក្នុងផ្សារ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអន្តរាគមន៍នគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ព្រែកគយ បានចុះដល់កន្លែងហេតុ ធ្វើការសម្របសម្រួល មិនឲ្យភាគីទាំងពីរ ប្រើអំពើហិង្សាដាក់គ្នាទេ ដោយសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដោះស្រាយតាមសន្ដិវិធី ។

រហូតដល់វេលាម៉ោង៨ និង១៥នាទីថ្ងៃដដែល ទើបភាគីទាំងសងខាងបញ្ឈប់សកម្មភាពរៀងៗខ្លួន ហើយត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ៕

មតិយោបល់