បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ មានករណីអំពើហិង្សាដោយចេតនាក្នុងគ្រួសារមួយកើតឡើង ដោយកូនប្រុសគ្មានមនុស្សធម៌ក្នុងខ្លួនបានប្រើអំពើហិង្សាលើម្តាយបង្កើតរបស់ខ្លួនរហូតមានរបួសពេញខ្លួន ព្រោះមូលហេតុខឹងម្តាយនិយាយស្តីបន្ទោសនិងណែនាំខ្លួនច្រើនពេក ។
លោកវរសេនីយ័ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានរាយការណ៍អោយដឹងថា ហេតុការណ៍នេះកើតឡើងនៅត្រង់ចំណុចក្រុមទី១៤ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជនបង្ករត្រូវជាកូន ឈ្មោះ ហុក សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើ បានចាប់បោចសក់ស្ត្រីជាម្តាយឈ្មោះ សាំង ចាន់សុភាព អាយុ៥៦ឆ្នាំ ហើយធាក់មួយជើងដួលផ្កាប់មុខបណ្តាលអោយពកត្រង់ថ្ងាស និងស្នាមជាំដើមដៃខាងស្តាំ។
ករណីនេះ ដោយមានការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១០និង១០នាទី កម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យជាកូនប្រុសឈ្មោះ ហុក សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់