ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ប្តីប្រពន្ធពាក់ពន្ធ័ឆបោករថយន្តចំនួន៣គ្រឿងពីក្រុមហ៊ុនបង់រំលោះ

ភ្នំពេញ: ជនសង្ស័យប្រុសស្រី២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងនគរបាលប្រតិបត្តិការណ៍នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួនដោយចោទប្រកាន់ពីបទជាប់ពាក់ពន្ធ័ឆបោករថយន្តចំនួន៣គ្រឿងពីក្រុមហ៊ុនបង់រំលោះមួយនៅទីក្រុងភ្នំពេញ ។

ប្រតបត្តិការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ នៅចំណុចផ្លូវខាងសារិន ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឲ្យដឹងថាឃាត់ខ្លួនជនសង្ស័យខាងលើគឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះដែលជាម្ចាស់ក្រុមហ៊ុនមួយរកស៊ីបង់រំលោះប្តឹងកាលពីពេលកន្លង ។

នគរបាលបន្តថា ម្ចាស់ក្រុមហ៊ុនបង់រំលោះបានតាមរកជនសង្ស័យជាយូរមកហើយរហូតដល់ព្រឹកថ្ងៃទី១ ខែមេសា នេះក្រុមហ៊ុនរងគ្រោះបានឃើញជនសង្ស័យក៏ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវធ្វើការឃាត់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធតែម្តង។

ប្រភពពីនគរបាលបន្តទៀតថា កន្លងជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើ បានទៅទិញរថយន្តនៅក្រុមហ៊ុនបង់រំលោះមួយដោយជនសង្ស័យទាំង២នាក់ទិញរថយន្តបង់រំលោះជាបន្តបន្ទាប់ចំនួន៣គ្រឿង យកទៅក្លែងឯកសារលក់អស់ហើយគេចខ្លួនបាត់មិនបានបង់ប្រាក់តាមកិច្ចសន្យាយូរខែឆ្នាំមកហើយ ហើយម្ចាស់ក្រុមហ៊ុនក៏បានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាប់នៅថ្ងៃទី១ ខែមេសា ក៏ប្រទះឃើញជនឆបោករថយន្តទាំង២នាក់ក៏ឃាត់ខ្លួនតែម្តង ។
ក្រោយឃាត់ខ្លួនកម្លាំងនគរបាលនាំខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធឡើងរថយន្តសំដៅទៅក្រសួមហាផ្ទៃដើម្បីធ្វើការសាកសួរ៕

 

មតិយោបល់