ព័ត៌មានជាតិ

បើករថយន្តប្រណាំងទឹកភ្លៀង ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ រងការខូចខាត

ភ្នំពេញ: យុវជនពីរបើកបររថយន្តហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅក្បាលព្រួញពុះចែកទ្រូងផ្លូវទាំងកម្រោល កាលពីវេលាម៉ោង១០យប់ថ្ងៃទី០១ ខែមេសាឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខផ្សារដេប៉ូ តាមបណ្ដោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងតែធ្លាក់ភ្លៀងជោកជាំ គេឃើញយុវជនពីរនាក់ បើកបររថយន្តបង្កមួយគ្រឿង ម៉ាកកាម៉ារីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-8119 ធ្វើដំណើរពីជើងទៅត្បូងតាមបណ្ដោយផ្លូវ២១៥ ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន រួមផ្សំជាមួយមេញភ្លៀងផង ធ្វើឲ្យអ្នកបើកបរពិបាកមើលផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តក៏ជ្រុលបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ ខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត។ ចំណែកឯរថយន្តបង្ករងការខូចខាតក្រពឹត និងដាច់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេង ទៅមុខលែងរួច តែសំណាងល្អ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ រួចក៏បានទាក់ទងសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើដោះស្រាយ តាមផ្លូវច្បាប់៕

មតិយោបល់