ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូស្កុបពីបុគ្គលិកអង្គការម្នាក់ និងជាមុខសញ្ញាចោរធ្លាប់លួចរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ បានជាបន្តបន្ទាប់។ ក្នុងនោះមានជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូស្កុបពី និងជាមុខសញ្ញាចោរ ធ្លាប់លួចរថយន្តកាលពី១ឆ្នាំមុន និងម្នាក់ទៀត ពាក់ព័ន្ធទិញម៉ូតូពីផលចោរកម្ម។

នគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលឃាត់ខ្លួនបាន ទី១.ឈ្មោះ សេង ហុង ហៅហេង ហៅតឿ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ និងជនសង្ស័យទី២.ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ (ទាំង២នាក់មានផ្ទុកសារធាតុញៀន)។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន រួមមាន ៖ ម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្តាល 1AD-0681 , ស្លាកលេខម៉ូតូចំនួន២គ្រឿង (បាត់ដំបង 1AE-5054 , ភ្នំពេញ 1GB-6967 ) ដុំសោម៉ូតូ១ កូនសោ និងទួឡឺវីសមួយចំនួន ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនវេលាម៉ោង១០ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូម៉ាកស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កណ្តាល 1AD-0681 ពីជនរងគ្រោះមានឈ្មោះ អង់ លីចិន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាបុគ្គលិកអង្គការ កាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវលំ ក្នុងក្រុម៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយព្យាយាមរត់គេចខ្លួន។

ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបានជនសង្ស័យទាំង២នាក់នេះ យកមកសាកសួររួច ជនសង្ស័យឈ្មោះ សេង ហុង ហៅហេង បានសារភាព ទើបបែកធ្លាយករណីទិញម៉ូតូ ពីផលចផលចោរកម្មមួយផ្សេង​ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ ទី៣.ឈ្មោះ ចាន់ នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ បានទិញពីឈ្មោះ ហេង លើកទី១ បានចំនួនមួយគ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរី២០១៦ ក្នុងតម្លៃ៦០០ដុល្លារ កាលពីថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ដោយឈ្មោះ ហេង បានយកមកលក់ឲ្យជនសង្ស័យឈ្មោះ ចាន់ នី នៅចំណុចមុខវត្តសំបួរមាសផ្លូវ២១៧ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ពេលនោះជនសង្ស័យឈ្មោះ ចាន់ នី បានយកទៅលក់បន្តឲ្យបុរសម្នាក់ទៀតឈ្មោះ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ លក់បានក្នុងតម្លៃ ៧២០ដុល្លារ ។

លុះលើកទី២ នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ហេង បានឲ្យសង្ស័យឈ្មោះ ចាន់ នី មកទិញម៉ូតូ១ គ្រឿងទៀត ម៉ាកឌ្រីមសេសេ១២៥ ស៊េរីឆ្នាំ២០១៧ ហើយឈ្មោះ ចាន់ នី បានជិះរថយន្តតាក់ស៊ី មកដល់មុខវត្តសំបួរមាសនៅវេលាម៉ោង៣​និង៤៥នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តែមិនទាន់បានទិញផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង (បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ចាន់ នី ពាក់ព័ន្ធនឹងករណីទិញម៉ូតូពីផលចោរកម្ម មិនពាក់ព័ន្ធនឹងករណីលួចម៉ូតូលួចរថយន្តនោះទេ ហើយក៏គ្មានផ្ទុកសារធាតុញៀនដែរ) ។

ក្រោយពីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សេង ហុង ហៅហេង រួចមក ទើបនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុង បានចុះមកសាកសួរជនសង្ស័យរូបនេះ ទើបជនសង្ស័យខាងលើ បានសារភាពថា រូបគេនិងបក្ខពួក៣នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីមុន គឺធ្លាប់បានធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខជាង ១ឆ្នាំ មុនយកទៅលក់ឲ្យគេនៅចំការកៅស៊ូខេត្តកំពង់ចាម ក្នុងតម្លៃ ៤០០០ដុល្លារ ។

ហើយជនសង្ស័យទាំង៤នាក់ ដែលចូលរួមធ្វើសកម្មភាពលួចរថយន្តហាយឡែនឌ័រនេះ រួមមាន ទី១ឈ្មោះ ជា រ៉ូហេង ហៅទី ហៅហេង ហៅលីទី (ជាអ្នកឈរបិទគូទ) ,ទី២.​ឈ្មោះ លឹមទី ហៅអាតឹង (ចូលយករថយន្តបើកចេញ) , ទី៣ឈ្មោះ ហេង សារ៉ាវុធ ហៅអាវិត (ឈរបិទគូទ) និងទី៤ឈ្មោះ ហេង សារ៉ាវ័ន្ត ហៅអាទូច (បើករថយន្តហាយឡែនឌ័រ ដឹកទៅធ្វើសកម្មភាព) ។

ហើយរថយន្តដែលលួចបាននោះ ជនសង្ស័យទាំងនេះ បានយកទៅលក់នៅឯខេត្តក្រចេះ ចំណុចចំការកៅស៊ូ ក្នុងតម្លៃ៤០០០ដុល្លារ ដោយជនសង្ស័យហៅអាហេង ជិះទៅជាមួយអាទូច (ជិះក្នុងរថយន្តរបស់ជនសង្ស័យឈ្មោះអាទូច ) ចំណែកឈ្មោះ អាតឹង ជិះជាមួយ អាវិត (ជិះក្នុងរថយន្តដែលលួចបាន)។ ពេលលក់បានហើយនោះ ជនសង្ស័យបានចែកអោយជនសង្ស័យឈ្មោះ អាហេង៥០០ដុល្លារ , អាវិត៥០០ដុល្លារ , អាតឹង ១០០០ដុល្លារ, អាទូច១០០០ដុល្លារ និង អាស្នា ៥០០ដុល្លារ យកទៅឲ្យនៅផ្សារឈូកមាស ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ដែលជាបក្ខពួកក្រុមចោរលួចរថយន្តកាលពី១ឆ្នាំមុន និងអ្នកទិញម៉ូតូពីផលចោរកម្ម ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការសាកសួរ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕​

មតិយោបល់