ព័ត៌មានជាតិ

IDP Education ផ្តល់ជម្រើសសិក្សាដល់សិស្ស និស្សិតកម្ពុជា នៅក្រៅប្រទេស

ភ្នំពេញៈ ស្ថាប័នអប់រំ IDP Education ចំនួន៤៤ នៅប្រទេសអូស្ត្រាលី នឹងមកធ្វើពិព័ណ៍ការសិក្សានៅរាជធានីភ្នំពេញ ដើម្បីផ្តល់ការពិគ្រោះយោបល់ដល់សិស្ស និស្សិត និងអាណាព្យាបាលទាក់ទងនឹងជម្រើសការសិក្សានៅបរទេស ដែលនឹងធ្វើនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្នុងសណ្ឋាគារសុខាភ្នំពេញ។

ពិព័រណ៍ការសិក្សាប្រចាំឆ្នាំដែលរៀបចំឡើងដោយស្ថាប័ន IDP Education និងជាកម្មវិធីពិព័រណ៍ពីការសិក្សានៅអូស្ត្រាលីលើកទី១៣ នឹងបន្តផ្តល់ជាវេទិកាប្រឹក្សាយោបល់សម្រាប់សិស្ស និស្សិត និងអាណាព្យាបាលដោយផ្ទាល់ ជាមួយសាលាសាកលវិទ្យាល័យ និងស្ថាប័នអប់រំល្បីៗនៅទូទាំងប្រទេសអូស្រ្តាលី។ លោក ម៉ៅ ស្រេង អគ្គនាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័ន IDP/ACE បានមានប្រសាសន៍ថា “ការតាំងពិព័រណ៍ការសិក្សានេះ ជាឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតកម្ពុជាគ្រប់រូបទទួលបានព័ត៌មានពីការសិក្សានៅបរទេសទេស ពិសេសប្រទេសអូស្រ្តាលី”។

លោកបន្តថា “បច្ចុប្បន្នមានចំនួនសិស្ស និស្សិតកម្ពុជាកាន់តែច្រើនឡើងៗបានជ្រើសរើសយកការបន្តការសិក្សានៅក្រៅប្រទេស ជាជម្រើសនៅក្នុងផែនការសិក្សាអប់រំរបស់ខ្លួន ដើម្បីប្រកួតប្រជែងសម្រាប់ការងារដែលគេប្រាថ្នា”។

លោកស្រី Fiona Ramsay ប្រធានស្តីទីការិយាល័យអន្តោប្រវេសន៍នៃស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជាបានថ្លែងឲ្យដឹងថា “ពួកយើងទាំងអស់គ្នានឹងចូលរួមឆ្លើយនូវសំណួរអំពីលក្ខខណ្ឌ និងដំណើរការស្នើសុំទិដ្ឋាការ តាមរយៈដំណើរការដាក់ពាក្យតាមអនឡាញថ្មី។ ប្រទេសអូស្រ្តាលីបានផ្តល់ការអប់រំដ៏មានគុណភាពក្នុងគ្រប់កម្រិត សិក្សា និងបន្តទទួលសិស្ស និស្សិតបរទេសដោយរួមបញ្ចូលទាំងសិស្សនិស្សិតពីកម្ពុជាផងដែរ”។

លោកស្រីថា មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជាក៏នឹងត្រៀមខ្លួនផ្តល់ប្រឹក្សាពីការចុះឈ្មោះប្រលង និងការត្រៀមប្រឡងIELTS។ ដោយឡែកមជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័នអប់រំអូស្ត្រាលី៕

មតិយោបល់