ព័ត៌មានជាតិ

ឪក្មេក និងកូនប្រសារ កាប់រំលំដើមឈើធ្វើចម្ការ ភ្លាត់ស្នៀត ស្លាប់ និងរបួស ២នាក់

រតនគិរី: កាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាចថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ មានករណី២នាក់ឪពុកក្មេកកូនប្រសារនាំគ្នាទៅកាប់រំលំដើមឈើធ្វើចម្ការ តែជាអកុសល ត្រូវដើមឈើរលំសង្កត់ពីលើ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ នៅត្រង់ចំណុចអូរត្រាងខាងត្បូង ឆៀងខាងលិចចម្ងាយ ២គីឡូម៉ែត្រពីភូមិ ស្ថិតនៅក្នុងភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ យ៉ូត ប៉ូញ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិទំពួន(ស្លាប់) និងឈ្មោះ ឡេង ភី អាយុ ១៨ឆ្នាំ ជនជាតិទំពួន របួសស្រាល (ជាកូនប្រសារ) មានទីលំនៅភូមិកើតហេតុខាងលើ។

ប្រភពពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ អ្នកទាំង២នាក់បានទៅរំលំដើមឈើ ដើម្បីដុតធ្វើចម្ការដូចសព្វមួយដង តែជាអកុសល បានភ្លាត់ស្នៀត ត្រូវដើមឈើរលំសង្កត់ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។

ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យសាកសព និងសាកសួរសាក្សីជុំវិញកន្លែងកើតហេតុ សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយត្រូវដើមឈើដួលសង្កត់មែន។

បច្ចុប្បន្ន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ជនជាតិដើមភាគតិចទំពួន៕

មតិយោបល់