ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឪពុកចុងម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ពីបទរំលោភកូនជាអនីតិជន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុងឈ្មោះ ព្រុំ ភារម្យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅក្នុងចេតីយ៍វត្ត ខណ្ឌច្បារអំពៅ។
កុមារីរងគ្រោះឈ្មោះ យ ស ន ភេទស្រី ថ្ងៃខែឆ្នាំកំណើត ២០០៦ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅខណ្ឌច្បារអំពៅ។
តាមដំណើររឿង បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២២និង០០នាទី ម្តាយកុមារីរងគ្រោះ បានចេញទៅរើសអេតចាយ ពេលនោះជនសង្ស័យត្រូវជាឪពុកចុង បាននាំកុមារីរងគ្រោះ ទៅដេកនៅផ្ទះសំណាក់ដាលីន (ចំណុចកើតហេតុ) រួចចាប់រំលោភកុមារីរងគ្រោះបានសម្រេច៣ដង បន្ទាប់មកក៏នាំកុមារីរងគ្រោះត្រឡប់មកកន្លែងស្នាក់នៅវិញ ។
ខណៈក្មេងរងគ្រោះមកដល់ម្តាយឃើញកុមារីរងគ្រោះមានសភាពស្លេកស្លាំងក៏សួរនាំ រួចកុមារីរងគ្រោះបាននិយាយរឿងហេតុខាងលើប្រាប់ម្តាយ។ ទើបមកដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ម្តាយក៏នាំកុមារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។
បន្ទាប់ពីទទួលពាក្យបណ្តឹងហើយនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់(ជនសង្ស័យប្រើប្រាស់គ្រឿងញៀន)៕
មតិយោបល់