ព័ត៌មានជាតិ

សិស្សវិទ្យាល័យវត្តកោះដួលសន្លប់ជាច្រើននាក់ ដោយមិនដឹងមូលហេតុក្នុងថ្ងៃសង្ក្រាន្ត

ភ្នំពេញ: យុវជនសិស្សានុសិស្សវិទ្យាល័យវត្តកោះ ៥នាក់ បានដួលសន្លប់បន្តបន្ទាប់ និងមានអ្នកផ្សេងជាច្រើននាក់ទៀត មានស្មារតីមិននឹងនរ ក្នុងកម្មវិធីសង្ក្រាន្តនៅវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់សមត្ថកិច្ច និងមានការអន្តរាគមន៍ពីរថយន្តសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ។

តាមប្រភពពីយុវជនសិស្សានុសិស្ស ដែលមិនមានបញ្ហាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ក្នុងរយ:ពេល២ថ្ងៃ ចន្លោះពីថ្ងៃទី២ ដល់ទី៣នេះ មានកម្មវិធីសង្ក្រានក្នុងសាលាវិទ្យាល័យវត្តកោះ ដោយកម្មវិធីចាប់ពីម៉ោងជាង៨ព្រឹក ដល់ម៉ោង៨យប់ ដោយពួកគាត់តែងតែសប្បាយបន្តរហូតដល់ម៉ោង១០ទៅ១១ យប់ឯណ្ណោះ។ ខណ:នៅយប់កើតឡើងហេតុ សិស្សានុសិស្សមួយចំនួនតូច មានទំនាស់ពាក្យសម្ដីដាក់គ្នាបន្តិចបន្ទួចផងដែរ ក្រោយមកក៏ស្រាប់តែមានយុវជនម្នាក់ និងយុវតី៤នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ឡើងទន់ខ្លួន មិនដឹងថាមានបញ្ហាអ្វីនោះទេ ដោយអ្នកខ្លះប្រាប់ថា បណ្ដាលមកពីហត់ពេក ហូបអីមិនទៀងទាត់ និងអ្នកខ្លះទៀតប្រាប់ថា មកពីជំនឿផ្លូវងងឹត ដែលមិនបានសែនព្រេងឲ្យគេ ទើបមានបញ្ហានេះ ។

ទោះជាយ៉ាងណា គ្រានោះក៏មានគ្រូបង្រៀនក្នុងវិទ្យាល័យវត្តកោះ ខាងលើបានឲ្យអ្នកដួលសន្លប់ទាំងនោះ ទៅបន្ទប់រៀនសិន ដោយមិនបានទាក់ទង ទៅរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យភ្លាមៗទេ រហូតមានការដឹងឮដល់សមត្ថកិច្ចមូលដ្ឋាន ទើបទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ឯកជនមកដឹកជនរងគ្រោះ ប៉ុន្តែមិនឲ្យរថយន្តសាមុយចូលក្នុងបរិវេនសាលានោះទេ ព្រមទាំងចាក់សោមិនឲ្យអ្នកសារព័ត៌មាន ចូលទៅផ្ដិតយករូបភាពផងដែរ ។

មួយសន្ទុះក្រោយមក ទើបមានការអនុញ្ញាតិឲ្យរថយន្តសាមុយចូលទៅក្នុងបរិវេនសាលា ហើយដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅឯមន្ទីពេទ្យ និងបានឲ្យសិស្សានុសិស្សទាំងអស់ ចេញពីសាលាវិទ្យាល័យវត្តកោះ ទៅផ្ទះរៀងៗខ្លួនអស់៕

មតិយោបល់