ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់មួយរំពេច

ព្រះសីហនុ: កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ០៧និង០០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១១-២១២ ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក HYUNDAI ពណ៌ខៀវ គ្មានស្លាកលេខ ធ្វើដំណើរពីវាលរេញ ឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ សោ សន្យា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត មានទីលំនៅភូមិកំពង់បាយខាងជើង ឃុំកំពង់បាយ ក្រុង/ខេត្តកំពត។ ចំណែកម៉ូតូ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់សា្លកលេខ ព្រះសីហនុ1H-4820 បើកបរដោយឈ្មោះ យស់ សុខណា ភេទប្រុស អាយុ ៣០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ ធ្វើដំណើរឆ្លងកាត់ផ្លូវពីកើតទៅលិច មកដល់ចំណុចខាងលើ ត្រូវបានរថយន្តកូរ៉េ បុកពេញទំហឹងតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ច ចុះធ្វើការវាស់វែង ដោយវត្ថុតាង និងអ្នកបើករថយន្ត ត្រូវបាននាំយកទៅសាកសួរ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចំណែកសពត្រូវបានប្រគល់ជូនឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់