បន្ទាយមានជ័យៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មនុស្សចាស់ម្នាក់ ក្មេងម្នាក់ បានលង់ទឹកស្រះស្លាប់ ដោយម្នាក់នៅក្រុងប៉ោយប៉ែត និងម្នាក់ទៀតនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល សពស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញ នៅចំណុចស្រះខាងជើង ក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ សឹម សាយ(ហៅ យាយម៉ៅ) ភេទស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិនិមិត្ត២ សង្កាត់និមិត្ត។
ប្រភពដដែលបានបញ្ជាក់ថា ៖ យោងតាមសម្ដីអ្នកជិតខាងក៏ដូចជាឈ្មោះ សុខ សាវុធ ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវជាប្ដី បានអោយដឹងថា ប្រពន្ធរបស់គាត់រាល់ថ្ងៃ តែងតែផឹកស្រាថ្នាំជាប្រចាំ ពេលផឹកស្រាស្រវឹងដើរមិនត្រង់ផ្លូវ ហើយពេលថ្ងៃប្រពន្ធរបស់គាត់ ធ្វើជាចុងភៅធ្វើម្ហូបនៅភោជនីយដ្ឋានផ្កាយព្រឹក។
នៅមុនពេលកើតហេតុប្រពន្ធគាត់បានផឹកស្រាស្រវឹង ដើរទៅស្រះក្រោយផ្ទះ ដោយបាត់គាត់យូរពេក ក៏ដើរទៅមើលស្រាប់តែឃើញសពអណ្តែតទឹកស្រះ សង្ស័យស្រវឹងខ្លាំង រអិលជើងធ្លាក់ក្នុងទឹកស្រះលង់ស្លាប់តែម្តង ។
ចំណែកមួយករណីទៀត នៅស្រុកភ្នំស្រុក ៖ មានក្មេងប្រុសម្នាក់ អាយុ៤ឆ្នាំ បានលង់ទឹកស្រះខាងលិចផ្ទះ ចម្ងាយ១៥០ម៉ែត្របណ្តាលឲ្យស្លាប់ ។ សពក្មេងប្រុសត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកស្រះ នៅម៉ោង៥ល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ លៀប សៀង ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ឪពុកម្តាយកុមារារងគ្រោះ មិនបាននៅផ្ទះដោយទៅរកស៊ី ធ្វើកម្មករនៅប្រទេសថៃ ហើយទុកកូនអោយយាយតា ជាអ្នកថែរក្សា ជួនពេលនោះ យាយតារវល់ដាំបាយធ្វើម្ហូប មិនបានប្រុងប្រយ័ត្នមើលចៅ ទើបចៅដើរទៅលេងទឹកស្រះខាងលិចផ្ទះ ចម្ងាយ១៥០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។
បច្ចុប្បន្ន សពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួច៕
មតិយោបល់