កម្មវិធីនៃបទសម្ភាសន៍ទាំងស្រុង នៅមិនទាន់ត្រូវបានគេចាក់ផ្សាយជាផ្លូវការនោះទេ។ ក៏ប៉ុន្តែ ឃ្លីបវីដេអូមួយនៃការអត្ថាធិប្បាយរបស់លោកមីន អ៊ុងឡាំង ដែលបានផ្តល់ជាភាសាភូមា និងមានបកប្រែជាភាសាចិនត្រូវបានគេបង្ហោះលើបណ្តាញសង្គម។
“អ៊ុង សានស៊ូជី មានសុខភាពល្អធម្មតា។ លោកស្រីស្នាក់នៅក្នុងផ្ទះ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការក្នុងរយៈពេលពីរបីថ្ងៃទៀត”។ នេះ គឺជាសម្តីរបស់ឧត្តមសេនីយ៍មីន អ៊ុងឡាំង និយាយនៅក្នុងឃ្លីបវីដេអូ។ បន្ទាប់មក លោកបានបញ្ជាក់ជាថ្មីនូវការអះអាងរបស់របបយោធាដែលថាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជីបានលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
មកទល់ពេលនេះ មានរយៈពេលជិត ៤ខែហើយដែលលោកស្រី ស៊ូជី ត្រូវបានគេឃុំឃាំងនៅក្នុងផ្ទះ ឯក្រុងណៃពិដោ។ លោកស្រីមិនត្រូវបានគេអនុញ្ញាតឲ្យជួបនរណាម្នាក់បានឡើយ។ ចំណែកឯមេធាវីរបស់លោកស្រីវិញ អាចបានត្រឹមឃើញលោកស្រី តាមវីដេអូខុនហ្វេរិនស៍ នៅក្នុងអង្គសវនាការតុលាការតែប៉ុណ្ណោះ។
គួរជ្រាបថា លោកស្រីអ៊ុងសាន ស៊ូជី បានទទួលរងនូវការចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើន ហើយការចោទប្រកាន់ធ្ងន់ធ្ងរបំផុតជាងគេគឺទាក់ទងនឹងបទល្មើសរំលោភច្បាប់កិច្ចការសម្ងាត់ជាតិ។ គេរំពឹងថា លោកស្រីស៊ូជី នឹងត្រូវបង្ហាញខ្លួននៅតុលាការក្នុងទីក្រុងណៃពិដោនាថ្ងៃចន្ទខាងមុខជាលើកដំបូង បន្ទាប់ពីការពន្យាពេលជាច្រើនសប្តាហ៍។ ហើយក៏ដូចសព្វដងដែរ លោកស្រី នៅមិនទាន់ត្រូវបានគេអនុញ្ញាតឲ្យជួបនិយាយដោយផ្ទាល់ឡើយ ជាមួយមេធាវីរបស់លោកស្រី។
គួរជ្រាបដែរថា ដំណឹងអំពីស្ថានភាពសុខភាពរបស់លោកស្រី អ៊ុងសាន ស៊ូជី ធ្លាក់ចេញពីបបូរមាត់ប្រមុខដឹកនាំយោធាភូមា ខណៈមានការគំរាមរំលាយគណបក្សរបស់លោកស្រី ជុំវិញការលួចបន្លំសន្លឹកឆ្នោតកាលពីឆ្នាំទៅមិញ និងក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកភូមារាយការណ៍ថា របបយោធាបានលុបចោលនូវលក្ខខណ្ឌចូលនិវត្តន៍ត្រឹមអាយុ ៦៥ឆ្នាំ ចំពោះមេដឹកនាំយោធា ដែលជាការបើកផ្លូវដល់លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ឲ្យអាចនៅបន្តកាន់អំណាចយូរតទៅមុខទៀត៕
មតិយោបល់