បន្ទាយមានជ័យៈ ទោះជាមានបញ្ហារាំងស្ទះ ការស្ថាបនាផ្លូវដែកតភ្ជាប់ និងផ្លូវដែកថៃ នៃព្រំដែនកម្ពុជា-ថៃ ខាងជើងច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងណាក៏ដោយ ក៏លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន សូមឲ្យអាជ្ញាធរខេត្តដោះស្រាយ ហើយលោកនៅ តែអះអាងថា និងរួចរាល់នៅមុនឆ្នាំ២០១៧ ដូចការគ្រោងទុក។
ការលើកឡើងដូចនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ក្នុងឱកាស ដែលលោករួមជាមួយអាជ្ញាធរខេត្ត បន្ទាយមានជ័យ មានលោក លី សារី ជាអភិបាលរងខេត្ត បានចុះពិនិត្យការស្ថាបនាផ្លូវដែក និងច្រកស្ទឹងបត់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការរាំងស្ទះដែលធ្វើឲ្យមានភាពយឺតយ៉ាវកន្លងមក ក្នុងការស្ថាបនាផ្លូវដែលឡើងវិញនេះ គឺបណ្តាលមកពីតូបកាហ្វេ របស់កាស៊ីណូ ហ្គោលឌិន របស់លោកឧកញ៉ា កុក អាន មិនព្រមសហការ។ ក្នុងនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូនបានឲ្យអភិបាលខេត្តបន្ទាយមានជ័យ សហការជាមួយលោកឧកញ៉ា កុក អាន ធ្វើយ៉ាងណារើតូបកាហ្វេនោះចេញ ឲ្យបាន បើមិនរើទេ មិនអាចឲ្យការដំណើរការស្ថាបនាផ្លូវរថភ្លើងបានឡើយ។ ព្រោះការស្ថាបនារបស់ក្រុមហ៊ុនស៊ីណូហាយទ្រូ ទៅមុខបានដោយសារប៉ះសំយាបតូបកាហ្វេ។
ក្រោយការទំនាក់ទំនងផ្ទាល់រវាង លោក ស៊ុន ចាន់ថុល និងលោកឧកញ៉ា កុក អាន បានឯកភាពប៉ះត្រង់ណា រុះរើត្រង់នោះដោយក្នុងនោះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកក្នុងកិច្ចការនេះបានជួបជាមួយ និងខាងក្រុមហ៊ុន ប្រាប់នៅទីតាំងជាច្រើនរបស់ក្រុមហ៊ុនដែលប៉ះពាល់ ផ្លូវរថភ្លើងដោយស្នើសុំឲ្យខាងក្រុមហ៊ុនធ្វើជាគំរូដល់ទីតាំងផ្សេងទៀតធ្វើយ៉ាងណាឲ្យការស្ថាបនាផ្លូវដែកភ្ជាប់ជួយមួយភាគីថៃទទួលបានជោគជ័យតាមការគ្រោងទុកឲ្យហើយនាចុងឆ្នាំ២០១៦។
ផ្លូវដែកដែលកំពុងស្ថាបនាភ្ជាប់ជាមួយថៃ គឺធ្វើកាត់ចំកណ្តាលរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយឆ្ពោះទៅព្រំដែនកម្ពុជាថៃ កាត់ចំពីមុខកាស៊ីណូជាច្រើន។ ស្របពេលដែលខាងថៃបានស្ថាបនារួចហើយ។
គួររំលឹកថា ផ្លូវដែកកម្ពុជាពីក្រុងសិរីសោភ័ណ នៃទីរួមខេត្តបន្ទាយមានជ័យ ទៅស្រុកអូរជ្រៅព្រំដែនកម្ពុជាថៃ បច្ចុប្បន្នជាក្រុងប៉ោយប៉ែត ត្រូវបានខូចខាតតាំងឆ្នាំ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋមួយចំនួនរើយកទៅលក់ដើម្បីដូរអំបិល។ តែដោយឡែកផ្លូវដែកពីក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង គឺត្រូវបានឈប់ដំណើរការអំឡុងឆ្នាំ២០០១-២០០២៕
មតិយោបល់