ព័ត៌មានជាតិ

Update៖ ករណីឆក់យប់មិញ មិនរំខានដល់លោកមេប៉ុស្តិ៍ខណ្ឌដង្កោនោះទេ

ភ្នំពេញៈ យុវជនប្រុសស្រី២នាក់ កំពុងជិះម៉ូតូមួយគ្រឿងឌុបគ្នាតាមផ្លូវ ស្រាប់តែលេចមុខក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកធ្វើសកម្មភាពឆក់កាបូបពីនារី ដែលជិះពីក្រោយ តែសម្រេច ធ្វើឲ្យដួលម៉ូតូ បណ្ដាលឲ្យរងរបួស។

ភ្លាមៗនោះ ជនសង្ស័យបានបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ។ ដោយសារមិនបានបាត់របស់អ្វី ទើបជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទេ គ្រាន់តែសម្រាកមួយសន្ទុះ រួចលើកម៉ូតូឌុបគ្នាជិះចេញទៅព្យាបាលរបួសដោយខ្លួនឯង ។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៧ ទល់មុខបុរីសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំងពីរនាក់ ត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូធំមួយគ្រឿង ម៉ាក Duke 200Cc ពាក់ស្លាកលេខភ្នំពេញ 1CF-9980 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង (មិនចាំម៉ាក) ឌុបគ្នាមកបានធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះ ដែលជិះខាងក្រោយ តែមិនបានសម្រេច ធ្វើឲ្យជនរងគ្រោះដួលរងរបួសទាំងពីរនាក់ ឃើញមិនស្រួល ជនសង្ស័យ បាននាំគ្នាបន្ថែមល្បឿនម៉ូតូ បើកគេចខ្លួនបាត់ស្រមោលតែម្តង បន្សល់ទុក តែជនរងគ្រោះ ពីរនាក់ខាងលើ ដួលកណ្ដាលផ្លូវហើយនាំគ្នាលើកម៉ូតូមកអែបខាង ដើម្បីពិនិត្យមើលរបួសសិន ហើយពេលនោះ ត្រូវបានប្រជាពលរដ្ឋក្បែរនោះសួរថា ទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងសិនទេ ទើបពួកគាត់ក៏បដិសេធថា មិនចង់ប្ដឹងផ្ដល់អ្វីនោះទេ ព្រោះមិនចង់វែងឆ្ងាយទេ។

ករណីនេះដែរ ប្រជាពលរដ្ឋក្នុងសង្កាត់ដង្កោ បានសំណូមពរតាមរយៈសារព័ត៌មាន Post News ដល់លោកមេប៉ុស្តិ៍ខណ្ឌដង្កោ ជួយជំរុញមន្ត្រីថ្នាក់ក្រោម ឲ្យចុះល្បាតដល់យប់ជ្រៅផង ព្រោះភាគច្រើនឃើញតែល្បាតពេលព្រលប់ប៉ុណ្ណោះ៕

មតិយោបល់