ព័ត៌មានជាតិ

ប្អូនស្លាប់បងរងរបួសធ្ងន់ខណៈជិះម៉ូតូជ្រុលទៅបុកពីក្រោយរថយន្ត

ភ្នំពេញៈ យុវជនម្នាក់បានជិះម៉ូតូ១គ្រឿងឌុបបងប្រុសជីដូនមួយរបស់ខ្លួនត្រឡប់មកពីហូបការសាច់ញាតិឆ្ពោះទៅផ្ទះក្នុងល្បឿនលឿន តាមពីក្រោយរថយន្តដឹកស៊ីម៉ង់១គ្រឿង បន្ទាប់មករថយន្តខាងលើបានជាន់ហ្វ្រាំងបន្ថយល្បឿនប្រថុចញ៉ុចពេក ។ធ្វើឲ្យជនរងគ្រោះវាក់មិនអាចគេចចេញឬជាន់ហ្រ្វាំងឈប់ទាន់ក៏បានបុកពីក្រោយរថយន្តដឹកស៊ីម៉ង់ត៌នោះយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវជនអ្នកឌុបបែកក្បាលនិងបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបងប្រុសជីដូនមួយរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនោះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ត្រង់ចំណុចខាងជើងក្លោងទ្វារវត្តពោធិ៍វ័ន ស្ថិតនៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនដែលស្លាប់ឈ្មោះ ណាត នឹម អាយុ២៤ឆ្នាំ មុខរបរបជាកម្មករោងចក្រ មានទីលំនៅក្នុងភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ចំណែកបងប្រុសជីដូនមួយដែលរងរបួសឈ្មោះ ថន អាយុអាយុ៣១ ឆ្នាំមុខរបរកម្មកររោងចក្រកាត់ដេរ ស្នាក់នៅក្នុងភូមិជាមួយគ្នានោះដែរ។

តាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញជនរងគ្រោះអ្នកទាំង២នាក់បងប្អូនជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BZ-4667 ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ខណៈនោះក៏មានរថយន្តដឹកស៊ីម៉ង់ត៌១គ្រឿងម៉ាកនីស្សាន់ឌីសែលពណ៍ស ពាក់ស្លាកលេខ តាកែវ 3A-1226 ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នានៅខាងមុខផងដែរ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុរថយន្តដឹកស៊ីម៉ង់ត៍បានជាន់ហ្វ្រាំងបន្ថយល្បឿនយ៉ាងប្រថុចញ៉ុចបំផុត ព្រោះមានយានយន្តខាងមុខបន្ថយល្បឿនដែរ។

ប្រភពខាងលើបានបន្តថា បន្ទាប់ពីជួបស្ថានភាពបែបនេះ ជនរងគ្រោះបានបាត់បង់ម្ចាស់ការក្នុងការបើកបរមិនអាចជាន់ហ្រ្វាំងឈប់ឬគេចចេញទាន់ឡើយ ក៏ជ្រុលទៅបុកពីក្រោយរថយន្តនេះយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលហើយយុវជនអ្នកបើកបរម៉ូតូ បែកក្បាលនិងបាក់ ក ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។ដោយឡែកបុរសម្នាក់ទៀតដែលត្រូវជាបងប្រុសជីដូនមួយរងរបួសធ្ងន់ធ្ងរ ហើយក្រោយពេលកើតហេតុរថយន្តបានបើករត់បានចម្ងាយប្រមាណជាង១០០ម៉ែត្រទើបឈប់រួចអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានទៅចូលរួមពិធីមង្គលការសាច់ញាតិនៅក្នុងភូមិភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។លុះពេលហូបការរួចបាននាំគ្នាជិះម៉ូតូក្នុងបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែជាអកុសលក៏បានជួបនិងឧប្បត្តិគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់តែម្ដង។

បន្ទាប់មកជនរងគ្រោះដែលរងរបួសត្រូវបានរថយន្តដឹកយកទៅសង្គ្រោះរីឯអ្នកស្លាប់ត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយកម្លាំងនគរបាលការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅធ្វើការវាស់វែងនិងនាំរថយន្តនិងម៉ូតូទៅរក្សាទុកចាត់ការតាមច្បាប់៕

 

មតិយោបល់