ព័ត៌មានជាតិ

រថយន្តព្រូស បើកឆ្លងផ្លូវត្រូវរថយន្តធុនធំ បុកពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក បុករថយន្តតាក់ស៊ីក្រហមមួយគ្រឿង បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្តុបណត់ប្រ៊ីត(ស្តុបលូបី) ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តតាក់ស៊ីម៉ែត្រមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ក្រហម ជារបស់ក្រុមហ៊ុនតាក់ស៊ីក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AM-7735 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីកើតទៅលិច។
មកដល់ចំណុចកើតហេតុ ពេលដែលស្តុបលែងដំណើរការ រថយន្តខាងលើក៏បានបើកឆ្លងកាត់ស្តុប ឆ្ពោះទៅមុខបំណងទៅផ្ទះ នៅឯពោធិ៍ចិនតុង ខណ:នោះក៏មានរថយន្តធុនធំមួយគ្រឿងទៀត ម៉ាក MITSUBISHI ពណ៌ស ជាប្រភេទ៥ភ្លៅ ពាក់ស្លាកលេខតាកែវ 3A-1498 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវណត់ប្រ៊ីត ក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រខាងលើ ចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរថយន្តតាក់ស៊ីម៉ែត្រវិល២ជុំខ្ទាតទៅចិញ្ចើមផ្លូវ រងការខូចខាត។

ចំណែកឯរថយន្តបង្កធុនធំខាងលើ បានរងការខូចខាតក្រពឹតកាងផ្នែកខាងមុខចំហៀងខាងស្តាំ ហើយភ្លាមៗនោះអ្នកបើកបររថយន្តបង្ក បានព្យាយាមបើករថយន្តរត់គេចខ្លួនបន្តទៅមុខទៀត ប៉ុន្តែបើកបានប្រមាណ២០០ម៉ែត្រ អ្នកបើករថយន្តនោះ ក៏ឈប់រថយន្តអែបចិញ្ចើមផ្លូវ រួចចុះរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

ករណីនេះ គឺមិនបានបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់កន្លែងកើតហេតុ ហើយបានទាក់ទង ទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនមកធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

មតិយោបល់