ភ្នំពេញៈ វាពិតជារឿងមួយគួរអាសូរណាស់ ដោយបុរសម្នាក់ ត្រូវបានតាអាចារ្យ និងភ្លុកមិនអនុញ្ញាតឲ្យប្រមូលធាតុប្រពន្ធ ខណៈគាត់គ្មានប្រាក់ចំនួន៣០ម៉ឺនរៀលឲ្យបង្គ្រប់ ពេលដែលសពប្រពន្ធរបស់ត្រូវបានបូជារួចរាល់នៅវត្តគោកបញ្ជន់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍គួរឲ្យសង្វេគនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ រហូតធ្វើឲ្យបុរសប្ដីស្រក់ទឹកភ្នែក អង្វរតាអាចារ្យ និងលើកដៃសំពះដល់ញាតិជិតខាង ដើម្បីជួយឧបត្ថម្ភប្រាក់យកទៅឲ្យតាអាចារ្យ ដើម្បីយកធាតុមកតម្កល់ និងយកទៅបណ្តែតទឹកតាមទន្លេ។
បុរសជាប្ដីឈ្មោះ ចាន់ នុម្នី អាយុ៥៤ឆ្នាំ មុខរបកម្មសំណង់ មានស្រុកកំណើតនៅខេត្តកំពតបានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈ្មោះ ឃឹម ជីន អាយុ៥៥ឆ្នាំ ជាជនពិការជើងទាំង២ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
លោក ចាន់ មុន្នី បានឲ្យដឹងថា ប្រពន្ធរបស់គាត់មានជំងឺលោសឈាមថែមទាំងជាជនពិការទៀតផងហើយបានស្លាប់នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ បន្ទាប់មករួបគាត់ក៏បានជួលរថយន្តសម្រាប់ដឹកសពនៅវត្តគោកកញ្ជាន់ដឹកយកទៅបូជា។
លុះព្រឹកឡើងថ្ងៃទី១១ ខែឆ្នាំដដែល ទើបនាំគ្នារៀបចំរើសឆ្អឹង ដើម្បីយកទៅតម្កល់ទុកនៅស្រុកកណើត ប៉ុន្តែត្រុវលោកអាចារ្យឈ្មោះ លីន អាយុជាង៧០ ឆ្នាំ និងអ្នកភ្លុកមិនឲ្យរើស ដោយសារតែមិនទាន់បង់លុយគ្រប់ថ្លៃបូជា មេក្រូ និងថ្លៃរថយន្តដឹកសពសរុបចំនួន៧៦ម៉ឺនរៀល ព្រោះរូបគាត់មានត្រឹមតែ៤៦ម៉ឺនរៀល ខ្វះ៣០ម៉ឺនរៀលទៀត ទើបកើតរឿងបែបនេះ។
ករណីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកក៏មានសណ្តានចិត្តសប្បុរសធម៌ចេញមុខមកធានាអះអាងជាមួយតាអាចារ្យ ក្នុងការចេញលុយឲ្យ និងឲ្យគាត់ប្រមូលធាតុយកទៅរៀបចំទុកដាក់តាមប្រពៃណី។
លោក យឹម សារ៉ាន់ ក៏បានចុះទៅកាន់ទីនោះផ្ទាល់រួមទាំងចំណាយថវិកាអស់ចំនួន៨០ម៉ឺនរៀល ជូនដល់ការចាត់ចែងបូជាសពដល់ប្ដីសពស្រ្តីរងគ្រោះ។
គួររំឭកថា ស្ត្រីដែលបានស្លាប់នោះ គឺគាត់ជាជនពិការជើងទាំង២ ដើរមិនរួចនិងលើសឈាម ក្រោយមកក៏បានស្លាប់ហើយស្ថិតក្នុងជីវភាពក្រខ្សត់ ប្ដីរបស់គាត់ក៏បានរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីដោយខ្វះមុខខ្វះក្រោយ សូម្បីតែការបូជា និងថ្លៃមឈូសក៏គ្មានប្រាក់បង់ឲ្យតាអាចារ្យទើបកើតទៅជារឿងបែបនេះ។
បុរសជាប្ដី និងញាតិជិតខាងបានសម្ដែងនូវការដឹងគុណចំពោះការជួយឧបត្ថម្ភពីលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងមានវត្តមានចុះដល់ទីវត្តគោកបញ្ជន់នេះថែមទៀត ហើយក៏បានបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាដល់លោកអធិការ និងក្រុមគ្រួសារជួបតែសេចក្ដីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕
មតិយោបល់