ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ រថយន្តបុកគ្នា ស្លាប់មនុស្ស ២នាក់ និងរបួសជាច្រើននាក់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកគ្នា បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់៣នាក់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧ -៣៧៩ ស្ថិតក្នុងភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ វេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩។

ជនរងគ្រោះទី១-ឈ្មោះ កែវ សុភក្ត្រា ភេទស្រី អាយុ២៣ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ យ៉ុត ម៉ៃ ភេទស្រី អាយុ១៩ឆ្នាំ (ស្លាប់) ទី៣ឈ្មោះ កែវ សុខបញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) ទាំង៣នាក់ ជាសាច់ញាតិនឹងគ្នា មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ទី៤ឈ្មោះ សារ ភេទប្រុស មានទីលំនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង (របួសធ្ងន់) និង ទី៥ឈ្មោះ ចិត្រ សម្ព័ន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (របួសធ្ងន់)។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2A-0392 ដឹកប្រហិតចម្រុះ បើកបរដោយឈ្មោះ សារ ធ្វើដំណើរពីលិចទៅកើតចេញពីព្រំដែនប៉ោយប៉ែត មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកវីស្តូន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-6732 ធ្វើដំណើរបញ្ច្រាសទិសគ្នា។

ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ចំណែកសពប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់