ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ស្លាប់និងសុគតព្រះសង្ឃ៣អង្គ/នាក់ក្រោយពីបើកម៉ូតូបុកគោដួលស្របពេលឡានដឹកប្រេងឡូហ្គោ តេលា មកពីក្រោយកិនស្លាប់តែម្ដង

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់និងសុគតព្រះសង្ឃ៣នាក់/អង្គ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២៦នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ស្ថិតក្នុងភូមិស្លា ឃុំវល្លិស រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មុនពេលកើតហេតុមាន ម៉ូតូ០១គ្រឿងម៉ាកC125ពណ៍ខ្មៅសេរីឆ្នាំ២០១៤ពាក់ផ្លាកលេខកំពង់ស្ពឺ1G-1686 បើកបរដោយឈ្មោះទូច កុយ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ឌុបព្រះសង្ឃ២អង្គព្រះនាម អៀង បញ្ញា ព្រះជន្ម១៧វស្សា ព្រះនាម ម៉ៅ រិទ្ធិកា ព្រះជន្ម១៦វស្សា គង់នៅវត្តអង្គទន្លាប់។

តាមការបញ្ជាក់ពីមន្រ្ដីនគរបាលចរាចរណ៍ម៉ូតូធ្វើដំណើរពីទិសខាងកើតទៅលិចមកដល់ចំណុចខាងលើបានបុកសត្វគោមួយក្បាលដើរឆ្លងផ្លូវពីជើងទៅត្បូងបណ្ដាលអោយម៉ូតូដួលហើយត្រូវរថយន្ដ០១គ្រឿងម៉ាកស្ដាលីងព័ណ៌សរពាក់ផ្លាកលេខភ្នំពេញ3B-6398សណ្ដោងរឺម៉កដឹកប្រេងក្រុមហ៊ុនតេលាបើកបរទិសដៅពីលិចទៅកើតកិនអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដងចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់។

ជាទូទៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសត្វចិញ្ចឹមមិនដែលឃើញម្ចាស់ចេញមុខទទួលខុសត្រូវនោះទេកន្លងមកអាជ្ញាធរមានការផ្សព្វផ្សាយនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមសត្វមេត្ដាគ្រប់គ្រងនិងមើលថែសត្វចិញ្ចឹមអោយបានត្រឹមត្រូវកុំបណ្ដោយឲ្យដើរពាសវាលពាសកាលប៉ុន្តែជារួមនៅតែកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសត្វនេះដដែលពិសេសជាការកត់សម្គាល់ភាគច្រើនសត្វគោដែលដើរពាសពេញថ្នល់ជាតិគឺអ្នកមានមុខរបររកស៊ីកាប់គោព្រលែងចោលដើរតាមចិត្ដដូចជានៅម្ដុំថ្នល់ទទឹងជាដើម។ល។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារនិងគណៈកម្មការវត្ដទទួលយកធ្វើបុណ្យតាមទំនៀមទំលាប់សាសនារីឯវត្ថុតាងយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំការដោះស្រាយ៕

 

មតិយោបល់