សៀមរាបៈ យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ សាលាដំបូងខេត្តសៀមរាប បានបើកសវនាការជាសាធារណៈសួរ ដេញដោលលើសំណុំរឿងព្រហ្មទណ្ឌ ជនជាតិជប៉ុន២នាក់ ធ្វើសកម្មភាពអារក និងចាក់សម្លាប់ជនរងគ្រោះ ជាអ្នកបើកបររថយន្តតាក់ស៊ី នៅខេត្តសៀមរាប ដោយមានលោកលោក អ៊ុ ចាន់ថុល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក ជួន សុបញ្ញា ជាតំណាងអយ្យការ ហើយបន្ទាប់ពីបើកសវនាការសួរដេញដោលរួច ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក្នុងសំណុំរឿងជនជាតិជប៉ុនធ្វើសកម្មភាពអារកប្លន់ អ្នកបើករថយន្តតាក់ស៊ីនេះ បានសម្រេចលើកពេលប្រកាសសាលក្រម ទៅថ្ងៃក្រោយដោយមិនកំណត់ពេល។
នៅក្នុងសវនាការ តំណាងអយ្យការ បានធ្វើការប្តឹងជនជាប់ចោទទាំង២នាក់ ទៅក្រុមប្រឹក្សាជំនុំជម្រះ ដោយចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន ។
នៅក្នុងសវនានេះ ជនជាប់ចោទទាំង២នាក់ គឺទី០១. ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និង ទី០២. ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ហើយពួកគេបានចូលមកប្រទេសកម្ពុជា ក្នុងបំណងស្វែងរកប្រាក់ ក្នុងនោះជាជំហានពួកគេ ត្រូវរករថយន្តមួយសម្រាប់ជិះ និងបន្ទាប់មកពួកគេអាច និងស្វែងរកកន្លែងប្តូរប្រាក់ណាមួយ ដើម្បីធ្វើសកម្មភាព ដែលពួកគេគិតថា អាចរកប្រាក់បាន។
គួររំឭកថា កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ក្នុងទឹកដីភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប មានករណីប្លន់សម្លាប់ លើជនរងគ្រោះឈ្មោះហ៊ឹម ចាន់ ជាអ្នកបើកបររថយន្តតាក់ស៊ីពីសៀមរាបទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបន្ទាប់ពីធ្វើសកម្មភាព កម្លាំងសមត្ថកិច្ច បានធ្វើការចាប់ខ្លួនជនដល់ ដែលជាជនជាតិជប៉ុនចំនួន២នាក់ ដែលមានទី០១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ,ទី០២ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ។
ក្រោយពីចាប់ខ្លួនបាន ជនទាំងពីរនាក់បានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេបានរកតាក់ស៊ី ជិះទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរកឡានតាក់ស៊ីថ្មី ដើម្បីប្លន់យកទៅប្រើប្រាស់ ពួកគេក៏បានជួលរថយន្តជនរងគ្រោះ ម៉ាកហាយឡែនឌ័រពណ៌ស្ករ ស្លាកលេខ ២AB ៥២១៨ ដោយពួកគេប្រាប់ថា ចង់ទៅសៀមរាប ហើយត្រូវគ្នាក្នុងតម្លៃ៣០$ ។
ពេលជិះដល់ចំណុចកើត ពួកគេបានប្រាប់អ្នកបើកតាក់ស៊ីឱ្យឈប់ ហើយឈ្មោះ ISHIDA REIMON បានបើកទ្វារចុះ ដើម្បីមើលផ្លូវ ដោយទុកឱ្យបក្ខពួកខ្លួនធ្វើសកម្មភាពអារកប្លន់សម្លាប់យករថយន្ត ហើយបន្ទាប់ពីធ្វើសកម្មភាពរួច ពួកគេក៏បានបើកទ្វាររថយន្តទម្លាក់ ជនរងគ្រោះមកលើផ្លូវ និង ភ្លាមៗជនសង្ស័យទាំងពីរនាក់ ក៏បានឡើងរថយន្ត បើកចេញពីកន្លែងកើតហេតុ ប៉ុន្តែបានប្រហែល ៣០០ម៉ែត្រ រថយន្តក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកស្រូវ បណ្តាលឲ្យទៅមុខលែងរួច ហើយពួកគេក៏នាំគ្នារត់កាត់វាលស្រែក្នុងបំណងគេចខ្លួន តែក៏ត្រូវចាប់ខ្លួនបាន និងបញ្ជូនមកកាន់តុលាការ៕


មតិយោបល់