ព័ត៌មានជាតិ

រថយន្តដឹកទឹកបរិសុទ្ធក្រុមហ៊ុនវីតាល់ ក្រឡាប់ផ្ងារជើង ប៉ះផ្ទះលក់ឥវ៉ាន់ និងម៉ូតូ សំណង៧៨០ដុល្លារបញ្ចប់រឿង

ភ្នំពេញ: រថយន្តដឹកទឹកបរិសុទ្ធក្រុមហ៊ុនវីតាល់ បើកលឿនដល់ផ្លូវកែង បួងចង្កូតបត់ស្តាំ បណ្ដាលឲ្យក្រឡាប់ ប៉ះផ្ទះលក់ឥវ៉ាន់ និងម៉ូតូរងកាខូចខាត កាលពីម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិច្រេសថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ដំណើររឿង៖ រថយន្តដឹកទឹកបរិសុទ្ធក្រុមហ៊ុនវីតាល់ខាងលើ ពណ៌ខៀវ ភ្នំពេញ 3E-2462 ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន តាមបណ្តោយផ្លូវ១០ម៉ែត្រ មកដល់ផ្លូវកែងអក្សរTកន្លែងកើតហេតុ បួងចង្កូតបត់ស្តាំ ក៏ក្រឡាប់ផ្ងារជើង ប៉ះផ្ទះលក់ឥវ៉ាន់របស់ប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាតរបស់របរ និងម៉ូតូបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានទៅដល់កន្លែងកើតហេតុ ទុកលទ្ធភាពឲ្យភាគីម្ចាស់ផ្ទះ ម្ចាស់ម៉ូតូ និងម្ចាស់រថយន្តជជែកដោះស្រាយគ្នា ដោយបញ្ចប់រឿងខាងរថយន្តចេញថ្លៃខូចខាត៦០០ដុល្លារ និងថ្លៃជួសជុលម៉ូតូ១៨០ដុល្លារ៕

មតិយោបល់