ព័ត៌មានជាតិ

Updateអង្គរក្សលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូដឹកស្រាបៀរ Heineken បុកទ្រូងផ្លូវ រួចផ្លោងបុកបង្គោលភ្លើង ស្លាប់ភ្លាមៗ

ភ្នំពេញ: បុរសម្នាក់ដែលគេដឹងថាអង្គរក្សរបស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដួលម៉ូតូហោះបុកនិងបង្គោលភ្លើងស្លាប់មួយរំពេច ខណ:ជិះម៉ូតូយ៉ាងលឿន កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

សពជនរងគ្រោះឈ្មោះ ពុទ្ធ សុជាតិ មុខរបរជាអង្គរក្ស។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HO-8788 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ ហើយផ្លោងបោកក្បាល ជាមួយបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ហើយទាក់ទង ទៅមន្ត្រីជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ដើម្បីឲ្យរថយន្តសាមុយ ដឹកសពយកទៅតម្កល់ទុកនៅឯវត្តជាបឋម រង់ចាំទាក់ទងទៅសាច់ញាតិបន្តនៅពេលក្រោយ ។ រីឯម៉ូតូសមត្ថកិច្ចជំនាញ បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ៕

 

មតិយោបល់