ឧត្តរមានជ័យៈ ក្មេងប្រុស-ស្រី២នាក់ត្រូវជាបងប្អូននិងគ្នារងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាត្រូវបានរថយន្តកាមរីបាឡែនបើកកៀរ កាលពីវេលាម៉ោង១១និង២០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦៧B ក្នុងភូមិអភិវឌ្ឍន៍ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលដែលរថយន្ត បានបុកមកលើក្មេងទាំង២នាក់ខាងលើ ម្ចាស់រថយន្តក៏បានយកក្មេងរងគ្រោះទាំង២នាក់លើកដាក់លើរថយន្តយកមកសង្គ្រោះបន្ទាន់ រួចបើករថយន្តរត់គេចខ្លួនបាត់។
សាក្សី បានបន្ដទៀតថា ក្មេងរងគ្រោះខាងលើបានស្គាល់អ្នកបើកបររថយន្តបង្កយ៉ាងច្បាស់ថា ឈ្មោះ ឈីវ ជាឈ្មួញរកស៊ីឈើក្រញូង ដែលបើករថយន្តលឿនដូចហោះ ត្រូវជាកូនរបស់លោក លួស ឡាញ់ មេបញ្ជាការវរ ៤១១ ចំណុះឲ្យកងពលតូចលេខ៤១។
ក្មេងរងគ្រោះទាំង២នាក់ បងប្អូនក្រោយពីធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង រួចនិងត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។
ក្រោយកើតហេតុ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះ ទី១.ឈ្មោះ អៀត សាវលីន ភេទស្រី អាយុ១៤ឆ្នាំ ទី២.ឈ្មោះ អៀត វ៉ាន់ឌី ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ៕
មតិយោបល់