ព័ត៌មានជាតិ

តក់ស្លុតយ៉ាងខ្លាំង! ចៅស្មានថា តាដេកលក់ដឹងអី…

ភ្នំពេញ:

កាលពីវេលាម៉ោង៧ និង៤៥នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ឡើងទៅបង្វិលអង់តែនទូរទស្សន៍ លើដំបូលផ្ទះ ស្រាប់តែគាំងបេះដូងស្លាប់ ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យឹម សុវណ្ណ អាយុ ៥៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ធ និងកូន៤នាក់(ស្រី២)។

ប្រភពពីកូនប្រសាឈ្មោះ សុខ ធឿន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរលក់ប្រហិត បានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង ៧យប់ ឪពុកក្មេកគាត់ ទើបតែទិញទូរទស្សន៍បាន៣ថ្ងៃ ហើយបើកមើលជាមួយចៅៗ ប៉ុន្តែទូរទស្សន៍នោះ មើលមិនសូវច្បាស់ គាត់ឲ្យចៅនៅមើលទូរទស្សន៍ ចំណែកគាត់ឡើង ទៅបង្វិលអង់តែនលើដំបូលសំយាបក្បឿង ខណ:ឡើងប្រហែលជាកន្លះម៉ោងក្រោយ ចៅៗមិនឃើញលោកតាចុះមក ក៏ឡើងតាមកាំជណ្ដើរ ទៅមើល ស្រាប់តែឃើញលោកតាបិទភ្នែក ហៅមិនភ្ញាក់ស្មានថា តាសម្រាន្តលក់ រួចចុះមកមើលទូរទស្សន៍វិញ។

ប្រភពដដែលបានបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ប្រពន្ធរបស់គាត់ ហៅឲ្យហូនបាយ តែរកគាត់មិនឃើញ រួចចៅក៏បា្រប់យាយថាតាសម្រាន្ត លើដំបូលផ្ទះ បន្ទាប់មកយាយមិនជឿ ក៏ឲ្យកូនប្រសាស្រីទៅហៅម្ដង ស្រាប់តែឃើញឪពុកដេកស្លាប់លើសំយាបផ្ទះ ទើបផ្អើលឆោឡោគាស់ក្ដារហោជាងបន្ថែម ដើម្បីយកសពចុះមកក្រោម។

ភ្លាមៗនោះដោយក្រុមគ្រួសារមិនអស់ចិត្ត ក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ក្បែរផ្ទះដើម្បីព្យាបាលតែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏ដឹកសពតាមរថយន្តមកផ្ទះវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែង រួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់